ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់BTV News ឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ផ្អែកតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម មានខេត្តជាប់ព្រំដែនថៃចំនួន២ បានរងការជន់លិច ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនោះទេ។
ក្នុងចំណោមខេត្ត២ដែលរងការជន់លិចនោះ ដូចជា ខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ប៉ុន្តែមានតែខេត្តបន្ទាយមានជ័យតែប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋរស់នៅក្នុងស្រុកមង្គលបុរី និងក្រុងសិរីសោភ័ណប្រមាណ ៤០គ្រួសារ បានស្នើនិងត្រូវបានអាជ្ញាធរជម្លៀសទីទួលសុវត្ថិភាព។
ជាមួយបញ្ហានេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា ចំពោះស្ថានភាពទឹកនៅបន្ទាយមានជ័យ និងឧត្តរមានជ័យ មានបញ្ហាលិចលង់ខ្លះ និងខ្លះស្រុងពីផ្នែកខាងលើ ប៉ុន្តែមិនទាន់មានហានិភ័យធ្ងន់ធ្ងរក្រៅពីទឹកលិចខាងក្រោមផ្ទះនោះទេ។
ទោះបីមិនប្រឈមជំនន់ធ្ងន់ធ្ងរ ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ថា កងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយបានត្រៀមខ្លួនជាស្រេច ដើម្បីទទទួលបទបញ្ជា និងការសំណូមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តី សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅឧត្តរមានជ័យ បន្ទាយមានជ័យ ដែលទឹកកំពុងហូរកាត់ត្រូវប្រុងប្រយ័ត្ន និងបន្តតាមដានរាល់ព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយសារថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ តំបន់ជួរភ្នំ ទំនាបជាប់ក្បែរផ្លូវទឹក និងភូមិសាស្រ្តជាប់ព្រំដែនថៃនឹងប្រឈមជំនន់ទឹកភ្លៀង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ ដើម្បីតាមដានសភាពការណ៍នេះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាពរបស់ខ្លួន ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕







