ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah បាននិយាយកាលពីថ្ងៃចន្ទថា សមាគមអាស៊ី-អាគ្នេយ៍ត្រូវតែសម្រេចចិត្តថា តើពួកគេត្រូវបោះជំហានទៅមុខជាមួយផែនការសន្តិភាព ៥ចំណុចដែលបរាជ័យសម្រាប់សហភាពមីយ៉ាន់ម៉ា ឬត្រូវសម្រេចថា តើត្រូវធ្វើបែបណាបន្ទាប់ទៀត មុនពេលបណ្ដាមេដឹកនាំរបស់ខ្លួនជួបគ្នានៅខែវិច្ឆិកា។

សហភាពមីយ៉ាន់ម៉ាបានធ្លាក់ក្នុងវិបត្តិ ចាប់តាំងពីទាហានបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់មេដឹកនាំលោកស្រី Aung San Suu Kyi កាលពីខែកុម្ភៈឆ្នាំមុន ដោយបានឃុំខ្លួនរូបលោកស្រី និងមន្ត្រីដទៃទៀត ព្រមទាំងបើកការបង្ក្រាបដ៏បង្ហូរឈាមលើការតវ៉ា និងក្រុមប្រឆាំង។ សមាគមអាស៊ី-អាគ្នេយ៍ហៅកាត់ថា ASEAN ដែលសហភាពមីយ៉ាន់ម៉ាជាសមាជិកមួយដែរនោះ បានកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរកសន្តិភាពជូនប្រទេសមួយនេះ។ លោក Abdullah បាននិយាយថា នៅចន្លោះពេលនេះ និងកិច្ចប្រជុំកំពូល ASEAN នៅក្នុងខែវិច្ឆិកា ASEAN ត្រូវតែពិនិត្យឡើងវិញឲ្យបានហ្មត់ចត់ថា តើចំណុចរួម ឬកុងសង់ស៊ីសទាំង ៥ចំណុចនោះនៅតែជាប់ពាក់ព័ន្ធគ្នាទៀត ឬយ៉ាងណា ហើយថា តើវាគួរតែត្រូវបានជំនួសដោយអ្វីដែលប្រសើរជាងនេះ ឬយ៉ាងណា។

នៅពេលមានជំនួបនៅខែវិច្ឆិកាខាងមុខ យើងត្រូវតែសួរសំណួរលំបាក ហើយយើងត្រូវតែឆ្លើយអំឡុងពេលនោះ។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំ នៃបណ្ដាមេដឹកនាំពិភពលោកសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុង New York រដ្ឋមន្ត្រីការបរទេសរូបនេះក៏បាននិយាយផងដែរថា លោកសង្ឃឹមថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង ១៥ប្រទេសនឹងមិនធ្វើឲ្យបរាជ័យក្នុងការជួយប្រជាជនសហភាពមីយ៉ាន់ម៉ាទេ៕
អត្ថបទ៖ សុខមាន