ភ្នំពេញ៖ និយ័តករបរធនបាលកិច្ចផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដល់សហគ្រាសធុនតូច និងមធ្យម និងជម្រុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច សម្រាប់ការធ្វើធុរកិច្ច និងការចាប់គូរជាវិនិយោគិនមានសក្តានុពលនានា តាមយន្តការនៃបរធនបាលកិច្ច។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃអាជា្ញធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ស្តីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញការចូលរួមក្នុងវិស័យបរធនបាលកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ ២០២២ ។
អនុស្សារណៈយោគយល់គ្នានៅពេលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីត្រឹមខ្លួនទាញយកផលប្រយោជន៍នៅក្នុងបរធនបាលកិច្ច ក្នុងនោះសម្រាប់ជំហានដំបូង គឺការជម្រុញបណ្តុះបណ្តាល និងផ្សព្វផ្សាយ ក៏ដូចជាការឆ្លើយតបរាល់សំណូមពរពាក់ព័ន្ធ នៃដំណើរចុះបញ្ជីបរធនបាលកិច្ច ក្នុងគោលដៅសម្រេចឱ្យបាននូវការយល់ដឹងកាន់តែទូលំទូលាយ នៅក្នុងវិស័យបរធនបាលកិច្ច ក៏ដូចជាវិស័យមូលបត្រទាំងមូល។
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា មានម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាជាច្រើន មិនទាន់យល់អំពីវិស័យបរធនបាលកិច្ច ដូច្នេះតាមរយៈសម្ពន្ធ័សហគ្រាសធុនតូច និងមធ្យមកម្ពុជា គឺចង់ឲ្យSMEទាំងអស់គ្នាបានយល់ និងចូលរួម ព្រោះវិស័យបរធនបាលកិច្ច និងតាមរយៈសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នា ។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច ថ្លែងឲ្យដឹងថា គិតត្រឹមចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ បរធនបាលកិច្ច នឹងមានទំហំបរធន កើនឡើងក្នុងរង្វង់ប្រមាណជា ៦០០ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្ននិយ័តករបរធនបាលកិច្ច កំពុងពិនិត្យ និងវាយតម្លៃ នៃការចុះបញ្ជីបរធនបាលកិច្ច មានចំនួនប្រមាណជាង ៥០០ សំណើរបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី