ភ្នំពេញ ៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) និងក្រុមហ៊ុន យូ អេស ធី ត្រេឌីង (UST Trading) ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីគាំទ្រការប្រមូល និងកែច្នៃដបប្លាស្ទិកPETឡើងវិញ ក្នុងប្រទេសកម្ពុជា។
តាមរយៈការ ចុះ MOU នេះ ភាគីទាំងពីរ រំពឹងថានឹងប្រមូល និងកែច្នៃដប PET ឡើងវិញឲ្យបានចំនួន 1500តោន ក្នុង ប្រទេស កម្ពុជា នៅត្រឹមដំណាច់ឆ្នាំ2022នេះ។
កម្មវិធីចុះហត្ថលេខាលើMOUនេះ ប្រារព្ធឡើងនារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមរបស់ ឯកឧត្តមបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, លោកស្រី មេឡូនី លីនប៊ឺក តំណាងអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នដៃគូផ្សេងទៀតរបស់កូកា-កូឡា ដែល មាន ចក្ខុវិស័យដូចគ្នា។
ដូចមានចែងក្នុង MOU នេះ ក្រុមហ៊ុន យូ អេស ធី ត្រេឌីង នឹងប្រមូលដបប្លាស្ទិក PET ដើម្បីកែច្នៃទៅជាផលិតផលថ្មី។ ការកែច្នៃនេះ គឺជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន កូកា-កូឡា ឆ្ពោះទៅកាន់ចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) ក្រសួងបរិស្ថាន (MoE) និងសាលារាជធានីភ្នំពេញ។
លោក David Wigglesworth អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន កូកា-កូឡាកម្ពុជា មានប្រសាសន៍ថា៖ ក្រុមហ៊ុន កូកា-កូឡា មានគោលដៅជាសកលដ៏មហិមាមួយ ក្នុងការ ប្រមូល ដប ឬកំប៉ុងមកកែច្នៃឡើងវិញឱ្យបាន 100% ស្មើនឹងចំនួនដប និងកំប៉ុងដែលយើងបានលក់ចេញ ត្រឹមឆ្នាំ2030។ នេះហើយជាមូលហេតុដែលភាពជាដៃគូជាមួយ ក្រុមហ៊ុនយូ អេស ធី ត្រេឌីង ដើម្បីប្រមូល និងកែច្នៃដបប្លាស្ទិក PET គឺជាជំហានដ៏មានអត្ថន័យសម្រាប់កូកា-កូឡា កម្ពុជា ឆ្ពោះទៅរកពិភពលោកគ្មានសំរាម។ យើងជឿជាក់ថាភាពជាដៃគូនេះ មិនត្រឹមតែជួយយើង ឱ្យធ្វើការឆ្ពោះទៅរក គោលដៅចីរភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញអត្រាការប្រមូល និងកែច្នៃឡើងវិញនូវសំណល់ប្លាស្ទិករបស់កម្ពុជាផងដែរ។
កូកា-កូឡាកម្ពុជា បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការប្រមែប្រមូល និងកែច្នៃឡើងវិញ តាំងពី ឆ្នាំ2020មកម្លេះ។ មកទល់ពេលនេះ ក្រុមហ៊ុន បានប្រមូល និងកែច្នៃដបប្លាស្ទិក 1450តោន ទៅជា សម្ភារៈមានប្រយោជន៍ថ្មីមួយទៀត។
ទន្ទឹមគ្នានោះដែរលោកស្រី ឆ គៀលី អគ្គនាយិកាប្រតិបត្តិនៃក្រុមហ៊ុន យូ អេស ធី ត្រេឌីង បានបញ្ជាក់ថា៖ ក្នុងនាមជាក្រុមហ៊ុនផលិតដប យើងតែងតែស្វែងរកការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថេរភាពវត្ថុធាតុដើម និងសម្រួលដល់ដំណើរការកែច្នៃឡើងវិញដើម្បីទទួលបានទិន្នផលផលិតផលកាន់តែប្រសើរ។ ហេតុដូច្នេះ ហើយបានជាថ្ងៃនេះក្រុមហ៊ុន យូ អេស ធី ត្រេឌីង មានមោទកភាពធ្វើជាដៃគូ ជាមួយ ក្រុមហ៊ុន កូកា-កូឡា ដ៏ល្បីល្បាញនេះ។
ក្នុងឆ្នាំ២០២០កន្លងទៅ ក្រុមហ៊ុន កូកា-កូឡា បានដាក់លក់ផលិតផលទឹក Dasani 350ml ដែលប្រើសំបកដបផលិតចេញពីវត្ថុធាតុដើមប្លាស្ទិកដែលកែច្នៃឡើងវិញ (rPET)** 100ភាគរយ ពោលគឺជាការនាំមកជូនជាលើកដំបូង សម្រាប់ការប្រើសំបកវេចខ្ចប់ rPET ថ្នាក់អាហារ ដែលមានគុណភាពខ្ពស់សម្រាប់ភេសជ្ជៈក្នុងប្រទេសនេះ។ កាលពីឆ្នាំមុន ក្រុមហ៊ុន កូកា-កូឡា បាន ដាក់ចេញសារ «កែច្នៃខ្ញុំឡើងវិញ» ដ៏លេចធ្លោ នៅលើសំបកដបវេចខ្ចប់ផលិតផលរបស់ខ្លួនក្នុងប្រទេសកម្ពុជា ហើយក៏បានប្តូរដប Sprite ពណ៌បៃតងទៅជាដបថ្លា ដើម្បីធ្វើឱ្យដបកាន់តែងាយស្រួលក្នុងការកែច្នៃឡើងវិញ។
ក្រុមហ៊ុនក៏ជួយលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ លើការរៀបចំទុកដាក់កាកសំណល់ ឲ្យបានត្រឹមត្រូវ និងកែច្នៃឡើងវិញ ដោយចាប់ដៃគូជាមួយអាជ្ញាធរ សាកលវិទ្យាល័យ និងអង្គការក្រៅ រដ្ឋាភិបាល ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមចំនួនមួយពាន់ធុង នៅតាមបណ្ដាសាលារៀន ផ្សារត្រី និងទីកន្លែងសាធារណៈជាង 120កន្លែងនៅទូទាំងប្រទេស។
សម្រាប់ប្លាស្ទិកដែលមានតម្លៃទាប ដូចជាថង់ប្លាស្ទិករុំ ក្រុមហ៊ុន កូកា-កូឡាកម្ពុជា បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយដើម្បី «ផ្តល់ជីវិតទីពីរដល់ថង់ប្លាស្ទិករុំ» ដែលលើក ទឹកចិត្ត អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយ ឱ្យប្រគល់ថង់ប្លាស្ទិកត្រលប់មកឱ្យក្រុមហ៊ុន និងអ្នកប្រមូលដើម្បីកែច្នៃឡើងវិញ។ តាមកិច្ចផ្តួចផ្តើមនេះ ថង់ប្លាស្ទិកចំនួន 30តោនត្រូវបានប្រមូល និងកែច្នៃ គិតត្រឹមខែសីហា ឆ្នាំ 2022 ពោលគឺល្អប្រសើរជាងការបោះចោលទៅក្នុងធម្មជាតិ ឬបោះចោលទៅទីលានចាក់សំរាម៕អត្ថបទ ៖ រដ្ឋា






