បាល់ទាត់៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga បានថ្កោលទោសចំពោះការរើសអើងទៅលើខ្សែប្រយុទ្ធស្បែកខ្មៅរបស់ Real Madrid, Vinicius Junior អំឡុងការប្រកួតនៅទឹកដី Atletico Madrid ចុងសប្តាហ៍កន្លងទៅ។ Real Madrid បានយកឈ្នះនៅទឹកដី Atletico Madrid ២-១ ខណៈដែលមានអ្នកគាំទ្រមួយចំនួនបានច្រៀងចម្រៀង ដែលមានអត្ថន័យរើសអើងអំឡុងការដើរចូលទីលាន។
ការលេចឡើងសកម្មភាពរើសអើងនេះដែរ បន្ទាប់ពី Vinicius Junior បាននិយាយពាក្យថា សេចក្តីសុខរបស់កីឡាករស្បែកខ្មៅប្រេស៊ីលនៅអឺរ៉ុប។ មិនត្រឹមតែចម្រៀងរើសអើងទេ គេឃើញមានអ្នកគាំទ្រកាន់រូបស្វាពាក់អាវ Real Madrid ទៀតផង។ La Liga បានហៅទង្វើបែបនេះជារឿងដែលមិនអាចទទួលយកបាន ខណៈស្ថាប័នបាល់ទាត់កំពុងធ្វើការជាមួយភាគីក្លិបម្ចាស់ផ្ទះដើម្បីវែកមុខមនុស្សអគតិទាំងនោះ។
កីឡាករវ័យ ២២ឆ្នាំ Vinicius Junior ធ្លាប់បានស៊ុតបញ្ចូលទីហើយអបអរគ្រាប់បាល់របស់ខ្លួន ដោយការរាំឆ្លើយតបនឹងការរិះគន់មិនពេញចិត្តនឹងការរាំរបស់គេ។ ចំណែកការប្រកួតនៅទឹកដី Atletico Madrid មិត្តរួមក្រុម Rodrygo បានស៊ុតបញ្ចូលទីគ្រាប់ដំបូងក៏បានអបអរគ្រាប់បាល់ដោយរាំដូចនឹង Vinicius Junior ដែរដើម្បីគាំទ្រមិត្តរួមក្រុម។ តាមរយៈការរើសអើងនេះ តារាបាល់ទាត់ប្រេស៊ីលមួយចំនួនបានបង្ហោះសារ លើបណ្តាញសង្គមក្នុងអត្ថន័យគាំទ្រ Vinicius Junior មានដូចជា Pele និង Neymar ជាដើម៕
អត្ថបទ៖នាង សុភាវុធ