អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទថា រុស្ស៊ីកំពុងភ័យស្លន់ស្លោ ខណៈកងទ័ពរបស់លោកបានបន្តការវាយលុកប្រឆាំង ដែលបានដណ្តើមយកមកវិញទីក្រុង និងទីប្រជុំជនពីកងទ័ពរុស្ស៊ី។

លោក Zelenskyy និយាយថា អ៊ុយក្រែនកំពុងធ្វើឱ្យមានស្ថិរភាពស្ថានភាពនៅក្នុងទីក្រុង Kharkiv ភាគឦសាន ដែលពេលនេះភាគច្រើនបានត្រលប់មកក្នុងដៃរបស់អ៊ុយក្រែនវិញ។ រដ្ឋអាជ្ញានៅទីក្រុង Kharkiv កំពុងចោទប្រកាន់រុស្ស៊ីពីការធ្វើទារុណកម្មលើជនស៊ីវិលនៅក្នុងភូមិមួយ ដែលរំដោះបានកាលពីពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះរុស្ស៊ីកាលពីថ្ងៃចន្ទបាននិយាយថា កងទ័ពរបស់ខ្លួនបានបំផ្លាញដោយជោគជ័យរោងជាងមួយកន្លែង សម្រាប់ជួសជុលប្រព័ន្ធបាញ់រ៉ុក្កែត HIMARS នៅក្នុងទីក្រុង Zaporizhzhia ប្រទេសអ៊ុយក្រែន ខណៈអ៊ុយក្រែនបានអះអាងថា ខ្លួនបានបញ្ឈប់ការវាយលុករបស់រុស្ស៊ីដោយជោគជ័យនៅតំបន់ភាគខាងកើត។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នៅតំបន់ភាគខាងកើត កងកម្លាំងអាកាសរុស្ស៊ីបានប្រើប្រាស់អាវុធស៊ីបគោលដៅសមត្ថភាពខ្ពស់ ដើម្បីអនុវត្តការវាយប្រហារផ្តោតទៅលើគោលដៅជាច្រើនរបស់អ៊ុយក្រែននៅក្នុងតំបន់ Donetsk ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរបស់ខ្លួនបានវាយប្រហាររថពាសដែកអ៊ុយក្រែនចំនួន ៣គ្រឿង និងបានបាញ់ទម្លាក់យន្តហោះចម្បាំងរបស់កងទ័ពអាកាសអ៊ុយក្រែន Su-25 នៅតំបន់ភាគខាងត្បូងទីក្រុង Herson។ រោងជាងរបស់អ៊ុយក្រែនដែលរក្សាទុកប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ HIMARS ផលិតដោយសហរដ្ឋអាមេរិកក៏ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Zaporizhzhia៕
អត្ថបទ៖ ប៊ុនថន