ភ្នំពេញ៖ ការបង្កើតនិយ័តករបរធនបាលកិច្ច គឺចំពេលវេលា និងជាផ្នែកមួយយ៉ាងសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើនទំនុកចិត្តកាន់ខ្លាំងដល់អ្នកវិនិយោគ និងស្រូបយកវិនិយោគិនបរទេសថ្មីៗបន្ថែម ជាពិសេសលើវិស័យអចលនទ្រព្យ ខណៈបរធនបបាលកិច្ច ជាអាជ្ញាធរផ្តល់នូវទំនុកចិត្តខ្ពស់ និងធានាដល់ហានីយភ័យសម្រាប់ការគ្រប់គ្រង និងការធ្វើពាណិជ្ជកម្ម។
ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនិយ័តករបរធនបាលកិច្ច នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លើកឡើងនៅក្នុងកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា រវាងនិយ័តករបរធនបាលកិច្ច និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ ២០២២ នេះថា វិស័យបរធនបាលកិច្ច គឺជាវិស័យមួយមានវិសាលភាពធំទូលំទូលាយ ដោយមិនត្រឹមតែនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារប៉ុណ្ណោះទេ គឺវាបានគ្រប់ដណ្តប់ដល់វិស័យផ្សេងៗទៀតនៅក្នុងសេដ្ឋកិច្ច និងសង្គមដូចជា វិស័យមូលបត្រ វិស័យធានារ៉ាប់រង និងវិស័យអចលនព្យជាដើម។
ឯកឧត្តម បន្តថា ដូច្នេះតាមរយៈ នៃការបង្កើតនិយ័តករបរធនបាលកិច្ច ក៏ដូចជាការដាក់ឲ្យដំណើរនូវប្រតិបត្តិការបរធនបាលកិច្ចរបស់រាជរដ្ឋាភិបាល គឺត្រូវចំពេលតែម្តង ដើម្បីឆ្លើយតបទៅនិងការអភិវឌ្ឍន៍នៅក្នុងសេដ្ឋកិច្ចសង្គម ក៏ដូចជាវិស័យហិរញ្ញវត្ថុ ស្របតាមនិន្នាការទីផ្សារ ជាពិសេសការទាក់ទាញវិនិយោគិនបរទេស ដែលពួកគេត្រូវការ ខណៈដែលនៅពេលខ្លះវិនិយោគិនបរទេសមិនអាចធ្វើការវិនិយោគដោយផ្ទាល់បាន ដោយបញ្ហាសារបាំងព័ត៌មាន លក្ខណៈបទពិសោធន៍ ក្នុងការស្វែងរកស្ថានភាពទីផ្សារជាក់ច្បាស់ណាមួយ ដែលជាកត្តាធ្វើឲ្យពួគគេមានការរអា។ ប៉ុន្តែនៅពេលកម្ពុជាបានអនុវត្តនូវយន្តនេះ យើងរំពឹងថា កម្ពុជាអាចទាក់ទាញវិនិយោគិនបរទេសបានកាន់តែច្រើន និងបានសម្រេចចិត្តយកកម្ពុជា ជាគោលដៅវិនិយោគ ជាពិសេសការវិនិយោគលើវិស័យអចលនទ្រព្យ ខណៈបរធនបបាលកិច្ច ជាអាជ្ញាធរមានសិទ្ធ មានអាជ្ញាបណ្ណ សម្រាប់គ្រប់គ្រង ចាត់ចែងជំនួស និងធានាដល់ហានីយភ័យខ្ពស់។
ឯកឧត្តម សុខ ដារ៉ា បន្តលើកឡើងថា ស្របពេលកម្ពុជា គឺជាប្រទេសកំពុងស្រូបយកសក្តានុពលវិនិយោគ ជាពិសេសលើវិស័យអចលទ្រព្យ, តាមរយៈយន្តការនេះផងដែរ, គឺជាការផ្តល់នូវទំនុកចិត្តកាន់តែខ្លាំងក្លាថែមទៀត ដល់ការវិនិយោគបរទេស មកដាក់ទុនវិនិយោគលើវិស័យអចលនទ្រព្យនៅកម្ពុជា, នឹងការផ្តល់លទ្ធភាពវិនិយោគិនក៏ដូចធុរជនក្នុងស្រុក មានឱកាសស្វែងរកដៃគូជាយុទ្ធសាស្ត្រ សម្រាប់ការវិនិយោគលើវិសយអចលទ្រព្យ និងវិស័យផ្សេងៗទៀត។
សូមបញ្ជាក់ថា៖ និយ័តករបរធនបាលកិច្ច សម្រាប់ប្រទេសនៅក្នុងអាស៊ាន មានប្រទេសមួយចំនួនបានអនុវត្តរួចរាល់ ក្នុងនោះសម្រាប់ប្រទេសសាំងហ្គាព្យួរ, ម៉ាឡេស៊ី និងប្រទេសជាដើម ការប្រើប្រាស់យន្តការបរធនបាលកិច្ច គឺបានអនុវត្តជាសាមញ្ញ, ចំពោះប្រទេសវៀតណាម, ឥណ្ធូនេស៊ី និងប្រទេសហ្វីលីពីន ក៏បានចាប់ផ្តើមអនុវត្តយន្តការនេះរួចរាល់ផងដែរ។ ចំណែកកម្ពុជា គឺបានកំពុងអនុវត្តនូវយន្តការនេះ ប៉ុន្តែនៅមានកម្រិតនៅឡើយ ស្របពេលបច្ចុប្បន្ន ការប្រើប្រាស់យន្តការបរធនបាលកិច្ច កំពុងមានសេចក្តីត្រូវការលើការគ្រប់គ្រង ចាត់ចែងជំនួស និងធានាដល់ហានីយភ័យដល់បរធនបាលទាយក៕អត្ថបទ៖ សុន រ៉ាឌី