ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានបញ្ជាក់ជូនថា ការអនុញ្ញាតឱ្យម្ចាស់រថយន្តគ្មានពន្ធចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករ សម្រាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានមកចុះបញ្ជីរួច នឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ខាងមុខនេះ ដោយពុំមានការពន្យារពេលឡើយ។
នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធនិងអាករលើរថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេសដែលបានចុះបញ្ជីរួចនៅតាមបណ្តាអង្គភាពគយនិងរដ្ឋករ រាជធានី-ខេត្ត អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានសសេរថា ក្នុងន័យដើម្បីរំលឹកដល់ម្ចាស់រថយន្តចង្កូតស្ដាំដែលបានចុះបញ្ជីរួច ប៉ុន្តែនៅមិនទាន់បានមកបំពេញកាតព្វកិច្ចពន្ធ និងអាករឱ្យប្រញាប់រួសរាន់ចូលមកបង់ពន្ធ និងអាករនៅតាមបណ្តាអង្គភាពគយនិងរដ្ឋាករ រាជធានី-ខេត្ត ដែលសាមីខ្លួនបានចុះបញ្ជីរថយន្តរបស់ខ្លួនឱ្យបានមុនការកំណត់ជាកំហិត ដើម្បីចៀសផុតពីការបង្ក្រាបដោយមន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចតាមដងផ្លូវ ការដ្ឋាន អាជីវកម្មដ្ឋាន និងតាមទីកន្លែងសាធារណៈជាយថាហេតុ។
ប្រភពខាងលើ បានបញ្ជាក់ទៀតថា ក្រោយថ្ងៃទី៨ ខែតុលា រថយន្តចង្កូតស្ដាំបានចុះបញ្ជីរួចដែលពុំបានបំពេញកាតព្វកិច្ចពន្ធ និងអាករគឺជាមុខសញ្ញា នៃការបង្ក្រាបរឹបអូស ដោះជាគ្រឿងបន្លាស់ ឬកំទេចចោលតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដោយពុំមានការអនុគ្រោះទៀតឡើយ៕ អត្ថបទ៖ឈិត បូរ៉ាវី