
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២០ ខែកញ្ញា នេះ បានឲ្យដឹងថា យោងតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដំណើរការនៃការផ្ដល់លិខិតអញ្ជើញជូនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ នៅតាមភូមិក្នុងឃុំ សង្កាត់ ទូទាំងប្រទេស បានចាប់ផ្ដើមហើយ នៅព្រឹកថ្ងៃទី២០ ខែកញ្ញានេះ។
ការចែកលិខិតអញ្ជើញនេះមានរយៈពេល ៣០ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ហើយប្រសិនបើមានលិខិតអញ្ជើញនៅសល់ ត្រូវរក្សាទុកនៅសាលាឃុំ សង្កាត់ ដើម្បីផ្ដល់បន្ត រហូតដល់ថ្ងៃបញ្ចប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ ផ្អែកតាមចំនួននៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២១ គ.ជ.ប បានផលិតលិខិតអញ្ជើញ ចំនួន ៩.២០៥.៦៨១ សន្លឹក ដើម្បីចែកជូនដល់អ្នកបោះឆ្នោត។



