ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់អង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា (ហៅកាត់UNFPA) ធ្វើឲ្យកម្ពុជា សម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សរ៍ទី៥ ស្តីអំពីបញ្ហាសុខភាពមាតាទារក និងកុមារ។
ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បែបនេះ នាឱកាសអនុញ្ញាតឲ្យលោកស្រី សាន់ដ្រា ប៊ីនខ្លោវ (Sandra Bernklau) ប្រធានអង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា (ហៅកាត់ថា UNFPA- United Nations Population Fund) ទើបទទួលបានការតែងតាំងថ្មី បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ, នាទីសី្តការ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
ក្នុងជំនួបទ្វេរភាគីនេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណជូនចំពោះវត្តមានរបស់លោកស្រី ប្រធានអង្គការមូលនិធិសហប្រជាជាតិសំរាប់ប្រជាជន ប្រចាំកម្ពុជា ដែលបានខិតខំប្រឹងប្រែងសហការគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសកម្មវិធីគាំពារមាតា និងទារក ដែលធ្វើឲ្យកម្ពុជា សម្រេចជោគជ័យមុនកាលកំណត់នូវគោលដៅអភិវឌ្ឍសហវត្សរ៍ទី៥ ស្តីពីអំពីបញ្ហាសុខភាពមាតាទារក និងកុមារ។
ជាមួយគ្នានោះលោកស្រី សាន់ដ្រា ប៊ីនខ្លោវ (Sandra Bernklau) សូមកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេ ក្នុងចំណោមប្រទេសដែលគ្រប់គ្រងបញ្ហាកូវីដ-១៩បានល្អ នៅលើពិភពលោក។ លោកស្រី បានសម្តែងការឯកភាពជាមួយក្រសួងសុខាភិបាល ក្នុងកិច្ចសហប្រតិបតិ្តការធ្វើឲ្យប្រសើរឡើងនូវកម្មវិធីគាំពារមាតា ទារ និងកុមារ ជាពិសេសបានកាត់បន្ថយអត្រាមរណភាពមាតា បានចំនួន៧៥% ពោលគឺបានកាត់បន្ថយអត្រាស្លាប់របស់មាតា ចំនួន៤៧២នាក់ ក្នុងឆ្នាំ២០០៥ ក្នុងចំណោម១រយពាន់កំណើតរស់ មកនៅត្រឹម១៥៤នាក់ ក្នុងឆ្នាំ២០២១ និងសូម វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបតិ្តការ និងភាពជាដៃគូរវាងក្រសួងសុខាភិបាល ជាមួយនិង UNFPA ដែលជាដៃគូដ៏សកម្ម និងល្អ ក្នុងការចូលរួមធ្វើឲ្យប្រសើរឡើងនៅសុខភាពមាតា ទារក និងកុមារ នៅកម្ពុជា។ ទន្ទឹមនឹងនោះ UNFPA គ្រោងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ប្រចាំប្រទេស ដែលនឹងចាប់ផ្តើមរៀបចំធ្វើថ្មី ព្រមទាំងស្នើសុំការគាំទ្រពីឯកឧត្តម រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តថ្មីខាងលើនេះ។
ជាការឆ្លើយតបក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមគាំទ្រ និងសហការជាមួយ UNFPA។ ក្នុងនោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង និងលោកស្រី សាន់ដ្រា ប៊ីនខ្លោវ ប្តេជ្ញាថានឹងបន្តកិច្ចសហការជាមួយគ្នាឲ្យកាន់តែល្អប្រសើរថែមទៀត៕ អត្ថបទ ៖ រដ្ឋា





