ភ្នំពេញ៖ ក្រុមអ្នកផ្ដល់កម្ចីហិរញ្ញវត្ថុនៅកម្ពុជា បានប្រកាសនៅថ្ងៃនេះថា ឧស្សាហកម្មមួយនេះសម្រេចផ្ដល់ការអនុគ្រោះបន្ថែមទៀតទៅដល់អតិថិជនរបស់ខ្លួន ដែលកំពុងស្ថិតក្នុងវិបត្តិកើតចេញពីការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសម្រេចផ្ដល់ការអនុគ្រោះទៅដល់អតិថិជនដែលបានឆ្លងមេរោគកូវីដ១៩ ដោយលើកលែងការបង់ប្រាក់ និងការផាកពិន័យរយៈពេល ១ខែ។
សម្រាប់អតិថិជនដែលឆ្លងកូវីដ១៩នេះផងដែរ ក្រុមអ្នកផ្ដល់កម្ចីហិរញ្ញវត្ថុទាំងពីរ ក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញផង ទៅតាមសំណើរបស់អតិថិជន រួមទាំងការពន្យារពេលបង់ប្រាក់ដើម ៣ខែ។
សម្រាប់អតិថិជនដែលកំពុងជាប់ធ្វើចត្តាឡីស័កវិញ សមាគមផ្ដល់កម្ចីហិរញ្ញវត្ថុទាំងពីរ បានសម្រេចផ្ដល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិសម្រាប់រយៈពេល ១ខែ និងត្រូវបានលើកលែងរាល់ការផាកពិន័យទាំងអស់ផងដែរ។
ចំណែកឯអតិថិជនដែលទទួលមរណភាពដោយសារកូវីដ១៩ សមាគមទាំងពីរបានណែនាំទៅស្ថាប័នផ្ដល់កម្ចីឱ្យផ្ដល់ការអនុគ្រោះទៅតាមលទ្ធភាពជាក់ស្ដែង។
ជាងនេះទៀត ឧស្សាហកម្មហិរញ្ញវត្ថុក៏បានសម្រេចបន្ធូរបន្ថយលក្ខខណ្ឌសម្រាប់កម្ចី និងទម្លាក់អត្រាការប្រាក់ផងដែរ ដោយថា ដើម្បីជួយស្ដារសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មឡើងនៅមុន និងក្រោយវិបត្តិកូវីដ១៩នេះ។
រីឯអតិថិជនដែលបានខ្ចីប្រាក់សម្រាប់ទិញលំនៅដ្ឋានផ្ទាល់ សមាគមទាំងពីរនេះ ក៏បានសម្រេចលើកលែងការផាកពិន័យទាំងអស់ផងដែរ ដែលការអនុគ្រោះនេះ សមាគមកំណត់ថា សម្រាប់តែអតិថិជនទិញផ្ទាល់ផ្ទាល់ខ្លួនទីមួយសម្រាប់រស់នៅតែប៉ុណ្ណោះ។
សមាគមផ្ដល់ឥណទានទាំងពីរនេះ បានអះអាងថា ប្រតិបត្តិករផ្ដល់កម្ចីនៅកម្ពុជា បានសម្រេចរៀបចំឥណទានឡើងវិញដល់អតិថិជនរហូតដល់ទៅ ៣៤ម៉ឺននាក់ហើយនៅត្រឹមដំណាច់ខែកុម្ភៈកន្លងមកនេះ។
សមាគមទាំងពីរអះអាងបន្តថា ការរៀបចំឥណទានឡើងវិញសម្រាប់អតិថិជននៅទូទាំងប្រទេសត្រឹមចុងខែកុម្ភៈកន្លងមកនេះ មានទំហំសាច់ប្រាក់ដល់ទៅ ៤ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ ដេត សុខធី



