ចិន៖ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមាននៅដើមសប្ដាហ៍នេះ បន្ទាប់ពីជំនួបជាមួយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger ថា សង្គ្រាមត្រជាក់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសទាំង២ និងសម្រាប់ពិភពលោកទាំងមូល។

អំឡុងជំនួបរបស់លោកទាំង២ នៅក្នុងទីក្រុង New York លោក Wang Yi បានហៅលោក Kissinger ដែលបានដើរតួនាទីដ៏សំខាន់ក្នុងប្រក្រតីភាពទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ថា ជាមិត្តល្អរបស់ប្រជាជនចិន។ ទោះយ៉ាងណាក៏ដោយ អ្នកការទូតជាន់ខ្ពស់បំផុតរបស់ចិនរូបនេះបានព្រមានថា ការផ្ទុះឡើងនៃសង្គ្រាមត្រជាក់ថ្មីនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ប្រទេសចិន និងសហរដ្ឋអាមេរិក ព្រមទាំងផ្នែកជាច្រើនផ្សេងទៀតនៃពិភពលោក ដោយជំរុញទីក្រុងវ៉ាស៊ីនតោនឲ្យទទួលយកគោលនយោបាយសមហេតុផល និងជាក់ស្ដែងចំពោះប្រទេសចិន។
យោងតាមរដ្ឋមន្ត្រីរូបនេះ ទីក្រុងវ៉ាស៊ីនតោនអាចធ្វើបែបនេះបានដោយគោរពតាមការទទួលស្គាល់របស់ខ្លួន កាលពីកន្លងទៅនៃគោលជំហរបស់ចិនដែលថា កោះតៃវ៉ាន់គឺជាផ្នែកនៃដែនដីរបស់ខ្លួនក្រោមគោលនយោបាយចិនតែមួយ One China’ policy។ លោក Wang Yi បាននិយាយថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះគឺធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន និងសហរដ្ឋអាមេរិក ដូចច្បាប់ស្តីពីគោលនយោបាយតៃវ៉ាន់ឆ្នាំ២០២២ របស់សភាសហរដ្ឋអាមេរិក។ ឯកសារចុងក្រោយនេះដែលត្រូវបានគាំទ្រ ដោយគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក មានគោលបំណងផ្តល់ជំនួយសន្តិសុខរាប់ពាន់លានដុល្លារដល់ទីក្រុងតៃប៉ិ៕
អត្ថបទ៖ សុខមាន