UN៖ នៅក្នុងការវាយតម្លៃដ៏គួរឱ្យព្រួយបារម្ភមួយ ប្រមុខអង្គការសហប្រជាជាតិបានព្រមានមេដឹកនាំពិភពលោកថា ប្រជាជាតិនានាត្រូវបានជាប់គាំងលែងដំណើរការជាសកល ហើយមិនមានការត្រៀមខ្លួន ឬមានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈម ដែលគំរាមកំហែងដល់អនាគតរបស់មនុស្សជាតិ នៅក្រោមស្រមោលនៃសង្គ្រាមអ៊ុយក្រែននោះទេ។

លោកបាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោករបស់យើងកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ និងយ៉ាប់យ៉ឺនខ្លាំង។ កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី77 (UNGA) នៃបណ្ដាមេដឹកនាំពិភពលោកស្ថិតក្រោមស្រមោលនៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានវិបត្តិស្បៀងអាហារសកល និងការប្រេះស្រាំក្នុងចំណោមមហាអំណាចធំៗ ដែលគេមិនធ្លាប់បានឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ ថ្លែងក្នុងពេលបើកកិច្ចប្រជុំកម្រិតខ្ពស់ប្រចាំឆ្នាំក្នុងទីក្រុង New York អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចាប់ផ្ដើមការអត្ថាធិប្បាយរបស់លោកដោយបង្ហាញពីក្ដីសង្ឃឹម។

លោកបានបង្ហាញរូបថតនៃនាវាពិសេសដំបូងរបស់អង្គការសហប្រជាជាតិ ដែលកំពុងដឹកគ្រាប់ធញ្ញជាតិចេញពីអ៊ុយក្រែន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ីក្រោមការជួយសម្របសម្រួលពីអង្គការសហប្រជាជាតិ និងប្រទេសទួរគីឆ្ពោះទៅកាន់ទ្វីបអាហ្វ្រិក ជាទីដែលមនុស្សរាប់លាននាក់កំពុងប្រឈមនឹងគ្រោះទុរ្ភិក្សខ្លាំង លោកថា នេះគឺជាឧទាហរណ៍នៃកិច្ចសន្សា និងក្ដីសង្ឃឹមក្នុងពេលដែលពិភពលោកកំពុងជួបភាពវឹកវរ៕
អត្ថបទ៖ សុខមាន