ស៊ីហ្គេម៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញាបានបើកកិច្ចប្រជុំថ្មីមួយទៀត ដើម្បីត្រួតពិនិត្យការងារត្រៀមរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) លើកទី៤១ នៅសណ្ឋាគារសុខាចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានគូសបញ្ជាក់ថា ដើម្បីធានាបាននូវជោគជ័យក្នុងនាមម្ចាស់ផ្ទះ នៃមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនេះ គណៈកម្មការជំនាញបានធ្វើការប្រជុំជាបន្ដបន្ទាប់ ពិសេសក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន ជាក់ស្ដែងកាលពីល្ងាចថ្ងៃអង្គារ៍ ឯកឧត្តមបានជំរុញបន្ថែមលើការងារសំខាន់ៗជាច្រើន ពិសេសផ្នែកសណ្ឋាគារដែលត្រូវយកចិត្តទុកដាក់ ទាំងម្ហូបអាហារ ការស្នាក់នៅ និងការទទួលបដិសណ្ឋារកិច្ចជាដើម។
គួរដឹងថា ការទទួលសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្មីៗ ដែលតាមគម្រោងនឹងមានប្រតិភូកីឡាមកពីបណ្ដាប្រទេសទាំង ៤៥ ក្នុងទ្វីបអាស៊ី និងភ្ញៀវអន្ដរជាតិមកពីជុំវិញពិភពលោកប្រមាណ ៤០០នាក់ចូលរួម។ អ្វីដែលពិសេស សម្ដេចតេជោនាយករដ្ឋមន្ដ្រី នឹងផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញថ្លែងសន្ទរកថាគន្លឹះ និងបើកមហាសន្និបាតដ៏ធំនេះទៀតផង។ តាមរយៈការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ស្ថាប័នកីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍ឲ្យអ្នកជំនាញកម្ពុជាខិតខំស្វែងរកការគាំទ្រពីអន្តរជាតិឲ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា