បាល់ទាត់៖ ខ្សែប្រយុទ្ធ Manchester United, Cristiano Ronaldo បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្កាល់មុនការប្រកួតក្របខណ្ឌ UEFA Nations League ទល់នឹងក្រុមម្ចាស់ផ្ទះសាធារណរដ្ឋឆែកចុងសប្តាហ៍នេះ។

គ្រូបង្វឹកព័រទុយហ្កាល់លោក Fernando Santos បញ្ជាក់ថា លោកគ្មានការព្រួយបារម្ភឡើយពី Ronaldo ទោះបីជាមិនសូវបានលេងជាប់លាប់នៅ Manchester United រដូវកាលនេះ។ បន្ទាប់ពីចាញ់ស្វ៊ីសប្រកួតចុងក្រោយបំផុតលោក Fernando Santos បានកោះហៅកីឡាករសំខាន់ៗសំរាប់ការប្រកួតលើកនេះមានដូចជា Joao Felix, Diogo Jota, Bernando Silva និង Bruno Fernandes រួមជាមួយ Joao Cancelo, Pepe និងកីឡាករចំនូលថ្មី Tiago Djalo។
ដោយឡែកកីឡាករមួយចំនួនត្រូវអវត្តមានវិញដោយសាររបួសមានដូចជា Otavio និង Renato Sanches ជាដើមខណៈកីឡាករមួយចំនួនមិនត្រូវបានកោះហៅមានដូចជា Andre Silva, Goncalo Guedes និង Joao Moutinho។ ព័រទុយហ្កាល់ដែលជាជើងឯក UEFA Nations League រដូវកាលដំបូងកាលពីឆ្នាំ២០១៩ កំពុងតាមពីក្រោយអេស្ប៉ាញ ១ពិន្ទុនៅក្នុងពូលទី២ នៃ League A និងនាំមុខឆែក ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ