ជប៉ុន៖ សារព័ត៌មានបានរាយការណ៍ថា បុរសម្នាក់បានដុតខ្លួនឯងនៅជិតការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុននៅថ្ងៃពុធនេះ ដែលទំនងជាតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការប្រារព្ធពិធីបុណ្យផ្លូវរដ្ឋជូនអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ដែលត្រូវបានគេធ្វើឃាតកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ នេះ។

បុរសម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួសរលាកភ្លើងពេញដងខ្លួនរបស់គេ ខណៈមន្ត្រីនគរបាលម្នាក់ដែលបានព្យាយាមពន្លត់អណ្ដាតភ្លើងក៏រងរបួសដែរ។ សារព័ត៌មានដដែលនិយាយថា បុរសវ័យ ៧០ឆ្នាំរូបនេះបានសន្លប់នៅពេលត្រូវបានរកឃើញដំបូង ប៉ុន្តែក្រោយមកបានប្រាប់នគរបាលថា រូបគេមានបំណងចាក់ប្រេងដុតខ្លួនឯង។ លិខិតមួយច្បាប់រៀបរាប់ពីពិធីបុណ្យសពផ្លូវរដ្ឋរបស់លោក Abe និងប្រយោគថា ខ្ញុំប្រឆាំងដាច់ខាតចំពោះពិធីបុណ្យនេះត្រូវបានរកឃើញនៅក្បែរនោះ។ នគរបាល និងការិយាល័យនាយករដ្ឋមន្ត្រីមិនព្រមបញ្ជាក់ពីឧបទ្ទវហេតុនេះទេ ដែលបានកើតឡើងនូវអ្វីដែលជាថ្ងៃខួបកំណើតលើកទី ៦៨ឆ្នាំរបស់លោក Abe។
ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា ខ្ញុំបានលឺថា នគរបាលបានប្រទះឃើញបុរសម្នាក់ដែលត្រូវបានភ្លើងឆេះនៅជិតការិយាល័យរដ្ឋាភិបាល ហើយខ្ញុំដឹងថា នគរបាលកំពុងស៊ើបអង្កេត។ នៅព្រឹកថ្ងៃនេះដែរក៏មានអ្នកតវ៉ារាប់រយនាក់បានប្រមូលផ្ដុំនៅអគារ National Diet Building របស់ជប៉ុនផងដែរដើម្បីបង្ហាញការជំទាស់របស់ពួកគេ ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការរៀបចំពិធីបុណ្យសពរបស់លោក Shinzo Abe។ ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida កាលពីសប្ដាហ៍មុនបានប្រកាសកញ្ចប់ថវិកាចំនួន ២៥០លានយ៉េនស្មើនឹង ១.៨លានដុល្លារដើម្បីអញ្ជើញភ្ញៀវប្រមាណ ៦,០០០នាក់សម្រាប់រៀបចំពិធីបុណ្យសពដែលនឹងធ្វើឡើងនៅតំបន់ Budokan ក្នុងទីក្រុងតូក្យូ៕
អត្ថបទ៖ សុខមាន