ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បាននាំយកធាតុចូលចំនួន ៧ចំណុច ដើម្បីជួយអភិវឌ្ឍន៍វិស័យសហគ្រាសធុនតូច និងមធ្យម (SME) ឲ្យកាន់តែរីកចម្រើន ដែលវិស័យនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានជួយជ្រោមជ្រែងយ៉ាងខ្លាំងផងដែរ តាមរយៈការគាំទ្រគម្រោងជាច្រើន ។
ក្នុងពិធីបិទសន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ថា ធាតុចូលទាំង ៧ចំណុច រួមមាន ទី១. ការអប់រំ ឬបង្កើតធនធានមនុស្ស, ទី២. ប្រទេសទាំងបី ស្ថិតក្នុងតំបន់ត្រូពិកងាយស្រួលក្នុងការបង្កើតការងារលើវិស័យ SME, ទី៣. រាជរដ្ឋាភិបាលផ្ដល់ឱកាសជួយដល់អ្នកវិនិយោគ SME, ទី៤. ការផ្ដល់ប្រាក់កម្ចីពីធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ រៀនពីវិជ្ជាជីវៈ ក្នុងអត្រាការប្រាក់ទាបបំផុត, ទី៥. នៅកម្ពុជារាជរដ្ឋាបាលជួយច្រើនលើវិស័យ SME អំឡុងវិបត្តិជំងឺកូវីដ-១៩, ទី៦. ប្រទេសទាំង៣ មានវិសាលភាពខ្លាំងក្លា លើវិស័យកសិកម្ម និងទី៧. ការបង្កើតជំនឿទុកចិត្តដល់អ្នកវិនិយោគ ។
ឯកឧត្តម សុខ ទូច បានបន្ថែមថា ពាក់ព័ន្ធវិស័យកសិកម្មនេះ កម្ពុជា ឡាវ និងវៀតណាម គួរអនុវត្តចំនួន៣ចំណុច មានទី១. កសិកម្ម ដើម្បីកសិកម្ម, ទី២. កសិកម្ម ដើម្បីកសិឧស្សាហកម្ម និងទី៣. កសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ខណៈប្រទេសថៃ និងសិង្ហបុរី កំពុងជោគជ័យលើកសិកម្ម ដើម្បីសេវាកម្មទេសចរណ៍ ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបន្តទៀតថា បច្ចុប្បន្ន SME កំពុងជួបបញ្ហាមួយចំនួនក្នុងនោះសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យវិស័យថាមពលឡើងថ្លៃ, បញ្ហាវត្ថុធាតុដើម និងការរកែច្នៃ, ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការពុំសូវជំរុញចលករដល់យុវជណជាដើម ។
គួរបញ្ជាក់ថា សន្និសិទអន្តរជាតិលើកទី៩ ស្តីពីតួនាទីសហគ្រាសធុនតូច និងមធ្យម ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច នៅឆ្នាំបន្ទាប់ នឹងធ្វើឡើងនៅប្រទេសវៀតណាម ៕
អត្ថបទ៖បាន សុខរិទ្ធិ