ភ្នំពេញ៖ ថ្ងៃទី ២១កញ្ញា ឆ្នាំ ២០២២នេះ ជាថ្ងៃដំបូងដែលខាងរថភ្លើង ធ្វើការចែកសំបុត្រធ្វើដំណើរដោយមិនគិតថ្លៃ សម្រាប់ការឈប់សម្រាកឱកាសភ្ជុំបិណ្ឌនាពេលខាងមុខ។ ថ្ងៃដំបូងនៃការចែកសំបុត្រនេះ គឺមានវត្តមានប្រជាពលរដ្ឋទាំងចាស់ ទាំងក្មេងជាច្រើនរយនាក់ មកតម្រង់ជួរដើម្បីរង់ចាំទទួលយកសំបុត្រតាំងពីព្រឹកព្រលឹម។
ជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន Royal Railway Plc. បានសម្រេចផ្ដល់ការជិះរថភ្លើងដោយមិនគិតថ្លៃរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៦ ខែកញ្ញាឆ្នាំ ២០២២។ ចំពោះសំបុត្រ សម្រាប់ការជិះរថភ្លើងដោយមិនគិតថ្លៃ គឺនឹងចែកជូនចាប់ពីថ្ងៃទី២១ និងថ្ងៃទី ២២ ខែកញ្ញា។
ការចែកសំបុត្ររថភ្លើងធ្វើដំណើរដោយមិនគិតថ្លៃនេះ គឺធ្វើឡើងចំនួន ៤ដង ក្នុងមួយថ្ងៃ ដោយពេលព្រឹកចែកនៅម៉ោង ៩.០០ ព្រឹក និងម៉ោង ១១.០០ រីឯពេលរសៀលចែកនៅម៉ោង ១.០០ និងម៉ោង ៣.០០ រសៀល ដោយម៉ោងនីមួយៗ គឺសម្រាប់ការចេញដំណើរខេត្តគោលដៅ និងថ្ងៃចេញដំណើរផ្សេងៗគ្នា។ នេះជាការបញ្ជាក់របស់ កញ្ញា សក់ វណ្ណនី ប្រធានគ្រប់គ្រងខ្សែអ្នកដំណើររបស់ក្រុមហ៊ុន Royal Railway Plc.។
សម្រាប់ពលរដ្ឋដែលបានមករង់ចាំយកសំបុត្រធ្វើដំណើរដោយមិនគិតថ្លៃនៅថ្ងៃនេះ មើលឃើញថាការផ្ដល់ជូនការជិះមិនគិតថ្លៃនេះ ជាការសម្រួលដល់ការចំណាយប្រជាពលរដ្ឋ និងជាការចូលរួមកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ការធ្វើដំណើរនេះ គឺមានចំនួនពីរខ្សែគោលដៅ ដោយខ្សែទី ១ចាប់ផ្ដើមនៅម៉ោង ៦.៤០នាទីព្រឹក ចាកចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង រីឯម៉ោង ៣.០០រសៀល គឺសម្រាប់ការធ្វើដំណើរពីខេត្តគោលដៅទាំង ៣ចូលមករាជធានីភ្នំពេញវិញ។
ចំពោះខ្សែគោលដៅទី ២ គឺចាប់ផ្ដើមនៅម៉ោង ៧.០០ព្រឹក ដែលមានទិសដៅចេញពីរាជធានីភ្នំពេញ ទៅខេត្តតាកែវ កំពត និងព្រះសីហនុ និងធ្វើដំណើរពីបណ្ដាខេត្តទាំង ៣ចូលមករាជធានីភ្នំពេញវិញនៅម៉ោង ២.០០រសៀល។
ចំពោះការផ្ដល់ជូនការធ្វើដំណើរដោយមិនគិតថ្លៃនេះ ភាគីក្រុមហ៊ុនក៏បានសំណូមពរ ឱ្យប្រជាពលរដ្ឋត្រូវមកដល់មុនម៉ោងចេញដំណើរ ក្នុងរយៈពេលមួយម៉ោងមុន ដើម្បីងាយស្រួលរៀបចំអង្គុយទៅតាមលេខកៅអីបានត្រឹមត្រូវ៕ អត្ថបទ៖ គឹមហុក