ភ្នំពេញ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) បន្តយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់វ៉ាក់សាំងជូនប្រជាពុទ្ធបរិស័ទដល់វត្តអារាម ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
ជាក់ស្តែងនាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកវេជ្ជបណ្ឌិត រស់ ញឿន ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD សែនសុខ) ប្រាប់BTV ព័ត៌មានថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តសែនសុខ ចុះមករៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅទីតាំងវត្តសែនសុខ ដែលជាពេលវេលាមួយ ប្រជាពុទ្ធបរិស័ទអញ្ជើញមកវត្តអារាម ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលធ្វើឲ្យប្រជាពុទ្ធបរិស័ទមកវត្តច្រើន ហើយក៏ជាឱកាសមួយសម្រាប់ក្រុមគ្រូពេទ្យ ចំនួន០២ក្រុម ចាក់វ៉ាក់សាំងជូនប្រជាពុទ្ធបរិស័ទ ដែលខកខានមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសជំរុញ ទី៣ ទី៤ និងទី៥ និងដូសមូលដ្ឋាន។
ជាមួយគ្នានោះដែរ ប្រជាពុទ្ធបរិស័ទបានមកធ្វើបុណ្យកាន់បិណ្ឌ១១ និងគណៈកម្មាការវត្ត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយជាខ្លាំង ដោយក្រុមការងារគ្រូពេទ្យ យកចិត្តទុកដាក់ចំពោះសុខុមាលភាពប្រជាពលរដ្ឋ បានចុះមកដល់វត្តសែនសុខ និងផ្តល់សេវាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំងរាវរកប្រជាពលរដ្ឋ ពុទ្ធបរិស័ទណាដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ អញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។
លោក រស់ ញឿន បានបញ្ជាក់ថា រដ្ឋបាលខណ្ឌសែនសុខ គឺមាន៧អង្គភាព សម្រាប់ផ្តល់សេវាសុខាភិបាលទូទៅជូនប្រជាពលរដ្ឋរបស់យើង មិនមែនផ្តល់តែសេវាការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នោះទេ ដូចជាមនី្ទរពេទ្យ គឺទទួលចាក់វ៉ាក់សាំង និងពិគ្រោះជំងឺផ្សេងៗ រួមទាំងទទួលឲ្យអ្នកជំងឺ ចូលមកសម្រាកព្យាបាលជាប្រចាំ។ ចំណែកមណ្ឌលសុខភាព ក៏បានផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង គ្រប់អង្គភាពទាំង៧ ដែលចំណុះឲ្យការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិសែនសុខ មិនគិតថាថ្ងៃ ឬយប់នោះទេ បងប្អូនត្រូវការសេវាពិនិត្យ ពិគ្រោះ ព្យាបាល ពេលណា សូមអញ្ជើញមកទទួលសេវា ដូចជាការសម្រាលកូន និងករណីផ្សេងៗ សូមអញ្ជើញមកទទួលសេវានៅមូលដ្ឋានសុខាភិបាលដែលនៅជិតផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ រដ្ឋា






