អ៊ុយក្រែន៖ បណ្ដាមេដឹកនាំលោកខាងលិចបានទាត់ចោលផែនការ ធ្វើឡើងដោយក្រុមអាជ្ញាធររុស្ស៊ីក្នុងដែនដីរបស់អ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៊ី ក្នុងការធ្វើប្រជាមតិក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីភ្ជាប់ដែនដីទាំងនោះទៅជាមួយរុស្ស៊ី។

ប្រទេសអ៊ុយក្រែន និងសហរដ្ឋអាមេរិកបាននិយាយថា ការធ្វើប្រជាមតិបែបនេះនឹងក្លាយជាភាពអាម៉ាស់ខុសច្បាប់ និងបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេ និងប្រទេសជាច្រើនទៀតនឹងមិនទទួលស្គាល់លទ្ធផលនេះទេ។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានទាត់ចោលនូវការធ្វើប្រជាមតិណាមួយយ៉ាងដាច់ខាត ខណៈដែលអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលលោកទាំង២ បានប្រើពាក្យថា អាម៉ាស់ ដើម្បីពិពណ៌នាពីការធ្វើប្រជាមតិ ដែលក្រុមផ្ដាច់ខ្លួនគាំទ្រដោយទីក្រុង Moscow និយាយថា នឹងចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកញ្ញាសប្ដាហ៍នេះនៅក្នុងដែនដីចំនួន៤ ត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។
ប្រតិកម្មទៅនឹងការប្រកាសថា សាធារណរដ្ឋប្រជាមានិត Lugansk និង Donetsk នឹងធ្វើប្រជាមតិចូលរួមជាមួយរុស្ស៊ីនៅសប្ដាហ៍នេះ អគ្គលេខាធិការសម្ព័ន្ធយោធាណាតូលោក Jens Stoltenberg កាលពីថ្ងៃអង្គារបានហៅផែនការទាំងនោះថាមិនស្របច្បាប់ និងទាមទារឲ្យមានការគាំទ្រអ៊ុយក្រែនកាន់តែច្រើនទៀតពីសហគមន៍អន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មាននានារបស់រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃទី២០ ខែកញ្ញាថា ក្រុមប្រឹក្សាសាធារណៈក្នុងតំបន់ Kherson របស់អ៊ុយក្រែន ជាផ្នែកដ៏ធំនៃដែនដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់យោធាក្រុង Moscow ចាប់តាំងពីខែមិនាមក បានជំរុញឲ្យក្រុមអាជ្ញាធរលើកបន្តុបដោយរុស្ស៊ី រៀបចំការបោះឆ្នោតប្រជាមតិភ្លាមៗលើតំបន់នេះ ដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ី៕
អត្ថបទ៖ សុខមាន