រុស្ស៊ី៖ ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃអង្គារបានអះអាងថា កងកម្លាំងរបស់ខ្លួនបានរកឃើញការបាញ់ផ្លោងចំនួន ៥គ្រាប់នៅរោងចក្រថាមពលកម្ដៅមានទីតាំងនៅជិតរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ជារោងចក្រធំបំផុតរបស់អឺរ៉ុប។

ថ្លែងនៅទីក្រុងមូស្គូ អ្នកនាំពាក្យលោក Igor Konashenkov បាននិយាយថា អង្គភាពកាំភ្លើងធំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលបានបាញ់ផ្លោងនៅរោងចក្រថាមពលនុយក្លេអ៊ែរ ត្រូវបានទប់ទល់ដោយការបាញ់តបតវិញ។ លោកបានអះអាងថា កម្រិតវិទ្យុសកម្មនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅធម្មតា ហើយលោកបានចោទប្រកាន់អ៊ុយក្រែនថា បានបាញ់ផ្លោងចំនួន ២៤គ្រាប់ទៅលើទីក្រុង Nikopol ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។ ជាមួយគ្នានេះតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនបានប្រកាសផែនការកាលពីថ្ងៃអង្គារ ដើម្បីចាប់ផ្តើមការបោះឆ្នោតនៅសប្តាហ៍នេះដើម្បីក្លាយជាផ្នែករបស់ប្រទេសរុស្ស៊ី។
មន្ត្រីដែលតែងតាំងដោយទីក្រុងមូស្គូនៅតំបន់ Donetsk, Luhansk, Kherson និងតំបន់ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ី ដោយផ្នែកបាននិយាយថា ការបោះឆ្នោតប្រជាមតិនឹងធ្វើឡើងចាប់ពីថ្ងៃសុក្រ។ ការបោះឆ្នោតនៅក្នុងដែនដីដែលរុស្ស៊ីគ្រប់គ្រងរួចហើយ ត្រូវបានគេរំពឹងថានឹងមានភាពប្រាកដប្រជាក្នុងការចូលរួមជាមួយទីក្រុងមូស្គូ ប៉ុន្តែទំនងជាមិនត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលប្រទេសលោកខាងលិច ដែលគាំទ្រអ៊ុយក្រែនដោយយោធា និងការគាំទ្រផ្សេងទៀតនោះទេ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា លោកជឿថា ប្រជាជននៃដែនដីដែលពាក់ព័ន្ធ គួរតែសម្រេចចិត្តចំពោះជោគវាសនារបស់ពួកគេ។ ទីក្រុង Luhansk និង Donetsk រួមគ្នាបង្កើតបានជាតំបន់ Donbas ដែលត្រូវដណ្តើមបានដោយការប្រយុទ្ធផ្តាច់ខ្លួនតាំងពីឆ្នាំ២០១៤៕
អត្ថបទ៖ ប៊ុនថន