ភ្នំពេញ៖ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព និងចាប់ផ្ដើមបើកប្រទេស និងសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ព្រមទាំងបានបញ្ជាក់ថា AFDនឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជា ឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន។
ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងជំនួប ពិក្សាការងារ ជាមួយលោក Jean-Pierre Marcelli នាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះថា ចំពោះការអភិវឌ្ឍនៅកម្ពុជា AFD បានចូលរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ហិរញ្ញប្បទានដល់វិស័យឯកជន ជាក់ស្តែងក្នុងរយៈពេល ៣០ឆ្នាំមកនេះ, AFD បានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ ៨៨៨លានអឺរ៉ូ សម្រាប់ការអភិវឌ្ឍគម្រោងសំខាន់ៗនៅកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេល វេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានអនុលោម ទៅនឹងផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ, យុទ្ធសាស្ត្រចតុកោណ, យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុល សាធារណៈ, ក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីស្តារ និងជំរុញ កំណើនសេដ្ឋ កិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២២-២០២៤ ជាដើម ។
ក្នុងជំនួបនេះ លោក Jean-Pierre Marcelli បានគួសបញ្ជាក់បន្ថែមថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំ ឥណទានសម្បទានប្រចាំឆ្នាំ ចន្លោះពី ១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែក ក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី