ភ្នំពេញ៖ នៅថ្ងៃទី២១ ខែកញ្ញានេះ ក្រុមការងាត្រីភាគី និងប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការនី រហូត២០០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣។ បណ្តាកម្មករកម្មការិនី សំដែងការអបអរសាទរ និងសប្បាយចិត្តចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែគិតគូរកម្មករកម្មការនី និងខិតខំជំរុញដំឡើងប្រាក់ឈ្នួលអប្បបរមា នៅក្នុងគ្រាលំបាកកម្ពុជាកំពុងជួបវិបត្តិកូវីដ១៩។
បើតាមបណ្តាកម្មករកម្មការិនី នៅរោងចក្រកាត់ដេរសំលៀកបំពាក់ SLJ នៅរាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី២១ ខែកញ្ញានេះដែរថា នៅក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងជួបវិបត្តិសេដ្ឋកិច្ចដោយសារការរាតត្បាត នៃមេរោគកូវីដ១៩នេះ គឺប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានការគិតគូរខ្លាំងបញ្ហាសុខទុក្ខជីវភាពកម្មករកម្មការិនីបំរើការងារនៅតាមរោងចក្រ និងបានឯកភាពសម្រេចដំឡើងប្រាក់ឈ្នួលជូនកម្មករកម្មការនី ទៅតាមកម្រិតកំណើនសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា ខិតខំធ្វើបាន នៅក្នុងបរិបថកូវីដ១៩។
យ៉ាងណាក៏ដោយ បើតាមឯកឧត្តម អ៊ិតសំ ហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករកម្មការនី រហូតដល់ពេល២០០ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០២៣ ក្នុងនោះ ក្រុមការងារត្រីភាគីរួមមាន ភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក បានបោះឆ្នោតឯកភាពគ្នាដំឡើង១៩៨ដុល្លារអាមេរិក ហើយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបន្ថែម ២ដុល្លារទៀត ហើយបើបូកនឹងប្រាក់អត្ថប្រយោជន៍នានាទៀត គឺកម្មករអាចទទួលបានប្រាក់ឈ្នួលនោះកើនដល់២២១ ដល់ជាង២៣០ដុល្លារក្នុងមួយខែ។ ឯកឧត្តម បន្តថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាដែលត្រូវបានដំឡើងនោះ នឹងចាប់ផ្តើមបើកចាប់ពីខែមករា ឆ្នាំ២០២៣ខាងមុខនេះ៕ អត្ថបទ៖ ស៊ុម សុខជា