ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមេសានេះ គឺជាថ្ងៃខួបលើកទី៧៣ឆ្នាំនៃការបង្កើតអង្គការសុខភាពពិភពលោក WHO របស់អង្គការសហប្រជាជាតិ។ តាមរយៈថ្ងៃនេះ លោកស្រី លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក WHO ប្រចាំនៅកម្ពុជា អំពាវនាវអោយប្រជាជនលើពិភពលោក ពិសេសប្រជាជនកម្ពុជា នាំចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ទាំងអស់គ្នា ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩ទាំងអស់គ្នា។
លោកស្រី លី អាយឡែន ថ្លែងថា បច្ចុប្បន្នអង្គការសុខភាពពិភពលោក បាននិងកំពុងធ្វើការងារជម្រុញពិភពលោក មានសមធម៌ខាងផ្នែកសុខភាព និងជំរុញប្រជាជនទាំងអស់លើពិភពលោកទទួលបានការចាក់វ៉ាក់សាំងកូវី១៩ ទាំងអស់គ្នា។
តាមថ្ងៃនេះដែរ លោកស្រី តំណាង WHO ប្រចាំនៅកម្ពុជា បានថ្លែងថា គ្រប់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ដែលប្រទេសកម្ពុជា បានដាក់អោយចាក់ជូនបណ្តាប្រជាពលរដ្ឋនៅពេលនេះ គឺសុទ្ធតែជាវ៉ាក់សាំងដែលពិភពលោកកំពុងបានប្រើប្រាស់ ហើយលោកស្រី ក៏បានជម្រុញអោយពលរដ្ឋខ្មែរចាក់វ៉ាកសាំងនោះទាំងអស់គ្នា ដើម្បីអោយកម្ពុជា ក្លាយជាប្រទេសនាំមុខគេនៅក្នុងតំបន់ និងលើពិភពលោក ដែលមានពលរដ្ឋចាក់វ៉ាក់សាំងច្រើនជាងគេ។
ព្រមជាមួយគ្នានេះដែរ លោកស្រី លី អាយឡែន ក៏បានជម្រុញពលរដ្ឋកម្ពុជា រួមសហការគ្នាទាញស្ថានការដែលកម្ពុជាកំពុងជួបរងការលំបាកពីការរីករាលដាលច្រើននៃកូវីដ១៩នេះ អោយមានភាពធូរស្រាលឡើងវិញ ហើយគ្រប់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួចហើយ ត្រូវបន្តអនុវត្តវិធានសុខាភិបាលអោយល្អប្រសើរដើម្បីកាត់ផ្តាច់ខ្សែបណ្តាញចំលងកូវីដ១៩៕ អត្ថបទ៖ ស៊ុម សុខជា