វាយកូនបាល់៖ ក្រុមកីឡាករ-កីឡាការិនីកំពុងត្រៀមខ្លួនយ៉ាងល្អ និងកំពុងត្រៀមចេញទៅប្រកួតព្រឹត្តិការណ៍ Davis Cup 2022 ( Group IV ) នៅប្រទេសបារ៉ែន ដែលគ្រោងចេញដំណើរនៅថ្ងៃទី១២ ខែតុលា និងត្រឡប់មកវិញនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា ការចេញដំណើរគឺនឹងទៅឲ្យបានមុនការចាប់ផ្ដើមកម្មវិធីប្រកួតពី ៣ ទៅ ៤ថ្ងៃព្រោះក្នុងគោលបំណងហ្វឹកហាត់នៅទីនោះឲ្យបានស៊ាំជាមួយអាកាសធាតុ និងបានសម្រាកគ្រប់គ្រាន់។ ឆ្នាំនេះកម្ពុជាគឺមានមហិច្ឆតាទៅប្រកួតដណ្ដើមយកជ័យជម្នះ ធ្វើយ៉ាងណាឲ្យបានឡើងមកកាន់ Group III វិញ បន្ទប់ពីបានធ្លាក់ទៅ Group IV។ «ការចេញទៅលើកនេះ យើងជឿថា យើងនឹងទទួលបានលទ្ធផលល្អមិនខាន។ យើងមានមហិច្ឆតាចង់ដណ្ដើមយក Group III មកវិញ ព្រោះតែយើងក៏បានប្រឹងប្រែងខ្លាំងមកដែរមួយរយៈពេលមកនេះ។ ឆ្នាំនេះ យើងឃើញថា កីឡាករ-កីឡាការិនីយើងមានសមត្ថភាពរីកចម្រើនច្រើនជាងមុនខ្លាំង»។ នេះជាការលើកឡើងរបស់លោក ជា ពៅ។ គ្រូបង្វឹកដដែលបន្ថែមថា កីឡាករដែលត្រូវទៅប្រកួត មាន ប៊ុន កេន្នី, ឡុង សំនៀង, ឃ្លាំង ពន្លក, ក្រូសលីន ម៉ាធីវដាវីត និង ឡេង សារិនរាជ។ ក្រៅពីនេះក៏មានគ្រូបង្វឹក គ្រូជំនួយ គ្រូពេទ្យផ្នែកចលនា និងថ្នាក់ដឹកនាំ សរុបទាំងអស់ ៩នាក់៕
អត្ថបទ៖ លី ឈុនឡា