ពិភពលោក៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រកាសកែណ្ឌយោធាមួយផ្នែកនៅក្នុងប្រទេសរុស្ស៊ី រយៈពេល ៧ខែនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដោយនិយាយថាវាមិនមែនជាការគំរាមទេ។ នៅក្នុងសន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធ លោក Putin បាននិយាយថា លោកកំពុងការពារដែនដីទាំងឡាយរបស់រុស្ស៊ី ហើយថា លោកខាងលិចចង់កម្ទេចប្រទេសនេះចោល។

លោកថា រុស្ស៊ីនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដែលអាចធ្វើបាន ដើម្បីការពារទឹកដីរបស់ខ្លួន។ លោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានប្រាប់សារព័ត៌មានរដ្ឋថា ក្រឹត្យរបស់លោក Putin នឹងមើលឃើញការបន្ថែមកងទ័ពចំនួន ៣សែននាក់ទៀត ដែលអំពាវនាវឲ្យចូលបម្រើយុទ្ធនាការយោធារបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា លោកមិនជឿថា ពិភពលោកនឹងបណ្ដោយឲ្យលោក Vladimir Putin ប្រើប្រាស់អាវុធនុយក្លេអ៊ែរនោះទេ និងបានប្ដេជ្ញាបង្កើនការវាយលុករំដោះយកដែនដីរបស់អ៊ុយក្រែនមកវិញ ដែលត្រូវបានកងកម្លាំងរុស្ស៊ីដណ្ដើមយកទៅ។ ប្រមុខសម្ព័ន្ធណាតូលោក Jens Stoltenberg បាននិយាយថា ការកែណ្ឌកម្លាំងយោធារបស់លោក Putin គឺវោហារសាស្ត្រនុយក្លេអ៊ែរដ៏គ្រោះថ្នាក់ និងខ្វះការពិចារណា។
ចំណែកមន្ត្រីក្រសួងបរទេសរបស់ចក្រភពអង់គ្លេសលោកស្រី Gillian Keegan បាននិយាយថា សុន្ទរកថារបស់លោក Putin គឺជាការបង្កើនក្ដីបារម្ភនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន និងការគំរាមរបស់លោកមិនមែនលេងសើចនោះទេ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងចាត់ទុកការគំរាមបើកចំហគ្មានការទទួលខុសត្រូវរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin គឺជាការព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរយ៉ាងពិតប្រាកដ។ រីឯអនុអធិការបតីអាល្លឺម៉ង់លោក Robert Habeck បាននិយាយថា នេះជារឿងអាក្រក់ និងការដើរខុសផ្លូវមួយទៀតពីរុស្ស៊ី ដែលយើងនឹងត្រូវពិភាក្សា និងពិគ្រោះយោបល់ផ្ដោតផ្លូវនយោបាយថា តើត្រូវឆ្លើយតបដោយរបៀបណា៕
អត្ថបទ៖ សុខមាន