បាល់ទាត់៖ ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United, Cristiano Ronaldo គ្មានគម្រោងចូលនិវត្តន៍ពីអាជីពបាល់ទាត់ឡើយ និងមានបំណងលេងដល់ Euro 2024។

កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានលើកឡើង អំឡុងពេលទទួលពានពីសហព័ន្ធបាល់ទាត់ព័រទុយហ្កាល់ ក្នុងនាមជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេឱ្យក្រុមជំរើសជាតិកាលពីថ្ងៃអង្គារថា ដំណើរជីវិតបាល់ទាត់របស់គេមិនទាន់ដល់ទីបញ្ចប់ឡើយ ហើយវានឹងនៅរយៈពេលយូរអង្វែងទៀត ជាពិសេសគឺការផ្តោតអារម្មណ៍ និងមហិច្ឆតាបាល់ទាត់នៅ World Cup ឆ្នាំនេះ និង Euro 2024។
Cristiano Ronaldo បានស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់សរុប ១១៧គ្រាប់ក្នុងការបង្ហាញខ្លួន ១៨៩ប្រកួត ខណៈការលេងនៅ World Cup 2022 ខាងមុខនេះនឹងជាព្រឹត្តិការណ៍បាល់ទាត់សំខាន់ទី១០ ដែលរូបគេបានចូលរួមនៅក្នុងអាជីព។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះបានបំបែកកំណត់ត្រាអ្នកស៊ុតបញ្ចូលទីច្រើនបំផុត នៅក្រុមជម្រើសជាតិកាលពីខែកញ្ញា ឆ្នាំ ២០២១ ពេលជួបជាមួយសាធារណរដ្ឋអៀកឡង់ និងបានបំបែកកំណត់ត្រារបស់កីឡាករអ៊ីរ៉ង់ Ali Daei ដែលមានសរុប ១០៩គ្រាប់៕
អត្ថបទ៖នាង សុភាវុធ