សហរដ្ឋអាមេរិក៖ កាលពីថ្ងៃពុធលោកប្រធានាធិបតីសហរដ្ឋអាមេរិក Biden បានព្យាយាមកែតម្រូវ ក្រោយការប្ដេជ្ញាចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកក្នុងការការពារកោះតៃវ៉ាន់ដោយប្រើកងទ័ព ហើយនិយាយថា សហរដ្ឋអាមេរិកប្រកាន់ភ្ជាប់គោលនយោបាយចិនតែមួយ។

លោកបានប្រាប់បណ្ដាមេដឹកនាំពិភពលោក អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ក្នុងទីក្រុង New York ថា យើងព្យាយាមឲ្យមានសន្តិភាព និងស្ថិរភាពពេញលេញទូទាំងច្រកសមុទ្រតៃវ៉ាន់ និងនៅតែគោរពគោលនយោបាយចិនតែមួយរបស់យើង ដែលបានជួយទប់ស្កាត់ការផ្ទុះជម្លោះរយៈពេល ៤០ឆ្នាំមកនេះ។ យើងនៅតែបន្តប្រឆាំងនឹងការផ្លាស់ប្ដូរស្ថានភាពជាក់ស្ដែងជាឯកតោភាគីដោយភាគីណាមួយ។ ការអត្ថាធិប្បាយទាំងនេះមានឡើង បន្ទាប់ពីលោក Biden បានអះអាងក្រោយការសម្ភាសន៍ក្នុងកម្មវិធីព័ត៌មាន ៦០នាទីកាលពីថ្ងៃអាទិត្យដែលលោកនិយាយថា សហរដ្ឋអាមេរិកនឹងការពារកោះតៃវ៉ាន់ដោយប្រើកងទ័ពអាមេរិក ប្រសិនបើមានការវាយប្រហារណាមួយពីសំណាក់ប្រទេសចិន។
អ្នកសម្របសម្រួលកម្មវិធី ៦០នាទី លោក Scott Pelley បានសួរថា តើដូច្នេះវាមិនដូចជាអ៊ុយក្រែនទេឬ ដែលថាកងកម្លាំងអាមេរិកទាំងប្រុស ទាំងស្រី នឹងការពារកោះតៃវ៉ាន់ក្នុងករណីមានការវាយប្រហារពីប្រទេសចិន? លោក Biden ឆ្លើយថា ពិតមែនហើយ។ ជាការឆ្លើយតប ប្រទេសចិនកាលពីថ្ងៃចន្ទបាននិយាយថា ខ្លួនបានតវ៉ាយ៉ាងដាច់ណាត់ជាមួយអាមេរិក បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បាននិយាយថា ក្រុងវ៉ាស៊ីនតោននឹងការពារកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ចិន ដោយបន្ថែមថា ការអត្ថាធិប្បាយរបស់លោកបានរំលោភយ៉ាងធ្ងន់ធ្ងរលើគោលនយោបាយ របស់សហរដ្ឋអាមេរិកដែលមានជាយូរមកហើយលើកោះនេះ៕
អត្ថបទ៖ សុខមាន