បាល់ទាត់៖ អតីតប្រធានក្រុមជម្រើសជាតិអ៊ីតាលីដែលឈ្នះជើងឯកបាល់ទាត់ពិភពលោក FIFA World Cup 2006 នៅអាល្លឺម៉ង់ Fabio Cannavaro ត្រូវបានប្រកាសតែងតាំងជាអ្នកចាត់ការក្លិបនៅក្របខណ្ឌទីពីរអ៊ីតាលី Serie B, Benevento ផ្លូវការហើយ។
អតីតខ្សែការពារ Real Madrid, Juventus និង Inter Milan ដែលជាម្ចាស់ជ័យលាភី Ballon d’Or ផងដែរកាលពីឆ្នាំ២០០៦ នោះនឹងចុះហត្ថលេខារយៈពេល ១ឆ្នាំកន្លះដឹកនាំ Benevento។ Benevento បានធ្លាក់ពីក្របខណ្ឌកំពូល Serie A កាលពីរដូវកាល ២០២០-២១ ខណៈបច្ចុប្បន្នកំពុងឈរលេខ ១៣ នៅ Serie B។ Fabio Cannavaro បានចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់កាលពីឆ្នាំ២០១១ និងទទួលបានអាជីពគ្រូបង្វឹក ២ឆ្នាំបន្ទាប់ក្នុងនាមជាជំនួយការនៅក្លិប Al-Ahli របស់អារ៉ាប់រួម មុនពេលដែលក្លាយជាគ្រូបង្គោលក្លិបចិន Guangzhou និងក្លិប Al-Nassr របស់អារ៉ាប៊ីសាអ៊ូឌីត។
បុរសវ័យ ៤៩ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិចិនរយៈពេលជិត ២ឆ្នាំដែរមុនពេលលាលែងពីតំណែងដើម្បីផ្តោតអារម្មណ៍លើការដឹកនាំក្លិប Guangzhou។ Fabio Cannavaro ធ្លាប់បាននិយាយកាលពីខែកុម្ភៈថា ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រលប់មកអាជីពគ្រូបង្វឹកនៅអឺរ៉ុប។ Benevento នឹងទទួលស្វាគមន៍ក្រុមលេខ ១១ Ascoli នៅថ្ងៃទី២ ខែតុលាខាងមុខ៕
អត្ថបទ៖នាង សុភាវុធ