UN៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានប៉ះទង្គិចគ្នាស្ដីពីបញ្ហាសន្តិសុខ និងសិទ្ធិមនុស្សកាលពីថ្ងៃពុធ ដោយប្រធានាធិបតីអ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកធានា ដល់ការស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ ហើយប្រធានាធិបតីអាមេរិកប្ដេជ្ញាមិនឲ្យអ៊ីរ៉ង់សម្រេចបាន ការផលិតគ្រាប់បែកបរមាណូដោយជោគជ័យឡើយ។
លោកប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានវាយប្រហារពាក្យសម្ដីផ្គើននៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយទាត់ចោលស្តង់ដារ២ លើបញ្ហាសិទ្ធិមនុស្ស និងការស្លាប់ស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់នៅក្នុងការឃុំខ្លួនរបស់នគរបាល ដែលបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសអ៊ីរ៉ង់។ លោក Raisi ក៏បាននិយាយផងដែរថា ទីក្រុងតេអេរ៉ង់ចង់ឲ្យអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ទទួលទោសចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់កងកម្លាំង Quds អ៊ីរ៉ង់លោក Qassem Soleimani កាលពីឆ្នាំ២០២០ ក្នុងការវាយប្រហារដោយយានដ្រូនរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែលលោកលើកបង្ហាញរូបថតរបស់លោកឧត្ដមសេនីយ៍រូបនេះ៕
អត្ថបទ៖ សុខមាន