ភ្នំពេញ៖ ក្នុងអំឡុងរយៈពេល១៥ថ្ងៃនេះ នៅតាមទីវត្តអារ៉ាមនានាទូទាំងប្រទេស បាននិងកំពុងរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌទៅតាមទំនៀមទំលាប់ប្រពៃណីខ្មែរតាំងពីបុរាណ។ ក្នុងពិធីបុណ្យនេះ គេក៏សង្កេតឃើញ តាមវត្តអារ៉ាមមួយចំនួនដែលរៀបចំល្អ និងបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចូលទស្សនា ។
ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញចូលទស្សនានៅវត្តនៅក្នុងរាជធានីភ្នំពេញ បានថ្លែងប្រាប់BTVនៅថ្ងៃទី២២ ខែកញ្ញានេះថា ការអញ្ជើញមកទស្សនាកម្ពុជាក្នុងអំឡុងពេលនេះ គឺពួកគាត់បានសិក្សាស្វែងយល់អំពីរបៀបនៃការប្រារព្ធបុណ្យកាន់បិណ្ឌរបស់ពលរដ្ឋខ្មែរ ។
លោក វណ្ណ គន្ធុល មគ្គុទ្ទេសក៍ទេសចរណ៍ បានថ្លែងថា នៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍ គឺបានដាក់បញ្ចូលវត្តនៅភ្នំពេញ និងនៅតាមបណ្តាខេត្ត ដើម្បីនាំភ្ញៀវទេសចរអន្តរជាតិអញ្ជើញទស្សនាការធ្វើបុណ្យកាន់បិណ្ឌនៅកម្ពុជា ។
បើតាមវរៈគតិវិសាលវង្ស យាត តាត ព្រះលេខាគណគង់នៅវត្តឧណ្ណាលោមរាជធានីភ្នំពេញ ក្នុងរយៈពេលរៀបចំពិធីបុណ្យកាន់បិណ្ឌចំនួន១២ ថ្ងៃកន្លងមកនេះ វត្តឧណ្ណាលោម បានទទួលភ្ញៀវទេសចរអន្តរជាតិទស្សនាមើលរបៀបរៀបចំ និងមើលរចនាបថសំណង់អគារវត្តជាហូរហែរ ហើយខ្លះក៏បានចូលធ្វើបុណ្យជាមួយពលរដ្ឋខ្មែរផងដែរ។
យ៉ាងណាក៏ដោយ ព្រះតេជគណ បន្តថេរដីកាថា នៅក្នុងដំណើរការរៀបចំបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ វត្តបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ជាពិសេសគឺរៀបចំអភិវឌ្ឍន៍វត្តឲ្យបានស្អាត ដើម្បីឲ្យវត្តក្លាយជាវត្តទេសចរណ៍គំរូ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាកម្ពុជាម្តងហើយ ចង់មកទស្សនាម្តងទៀត ជាពិសេសមកទស្សនា និងស្របតាមការចង់បានរាជរដ្ឋាភិបាល៕អត្ថបទ ស៊ុម សុខជា