សៀមរាប៖ អ្នកទេសចរជាច្រើន បានចាប់អារម្មណ៍នាំគ្នាទៅមើលព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាអង្គរ ឬហៅថាព្រឹត្ដិការណ៍សមរាត្រី ដែលសញ្ញានេះ ត្រូវបានមន្ត្រីទេសចរណ៍ព្យាករណ៍អំពីកំណើនទេសចរនាចុង សប្ដាហ៍នេះ ដែលចំថ្ងៃភ្ជុំបិណ្ឌផងនោះ។
ព្រឹកនេះ អាកាសធាតុមានភាពអាប់អួរ ដែលបានធ្វើឱ្យអ្នកទេសចរខកបំណង មិនអាចមើលឃើញ ថ្ងៃរះចំណ្ដាលកំពូលប្រាសាទអង្គរវត្តនោះទេ ដែលក្នុងមួយឆ្នាំព្រឹត្តិការណ៍នេះ កើតឡើងពីរដងគឺ នៅថ្ងៃទី២២ ខែមីនា និងខែកញ្ញ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី អ្នកទេសចរ នៅតែសប្បាយចិត្ដ ដែលពួកគេឆ្លៀតឱកាសនេះដើរទស្សនាប្រាសាទបុរាណខ្មែរតែម្ដង។
មន្ត្រីទេសចរណ៍ ក៏បានបង្ហាញពីក្ដីរំពឹងថា តំបន់ប្រាសាទអង្គរ នឹងទទួលបានទេសចរទៅទស្សនា កម្សាន្តច្រើន ដែលរាប់ចាប់តាំងពីថ្ងៃព្រឹត្តិការណ៍សមរាត្រីនេះទៅ រហូតដល់ថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ដែលចំថ្ងៃចុងសប្ដាហ៍តែម្ដងនោះ។
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលា ដែលខ្មែរកំពុងបោះ បាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩ បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕អត្ថបទ៖ ឈិត សាវី