ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរស់នៅរបស់អតីតយុទ្ធជនក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ គឺជាកាតព្វកិច្ចដែលមិនអាចអត់បាននោះទេ ហើយការយកចិត្តទុកដាក់ដល់ពួកគាត់ ដូចកូនៗគ្រប់រូបយកចិត្តទុកដាក់ចំពោះឪពុកម្តាយរបស់ខ្លួនយ៉ាងដូច្នេះដែរ។
ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ក៏ដូចជាគ្រូបង្រៀន និងមន្ត្រីរាជការចូលនិវត្តន៍ គឺជាកាតព្វកិច្ច យ៉ាងហោចណាស់ ក៏នៅក្នុងន័យកាតព្វកិច្ចផ្នែកសីលធម៌ដែរ ដោយមិនខុសពីក្នុងគ្រួសារនីមួយៗ ដែលកូនចៅត្រូវយកចិត្តទុកដាក់ទំនុកបម្រុងដល់ឪពុកម្តាយនៅពេលពួកគាត់ចាស់ជរានោះទេដោយកិច្ចការនេះ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល និងគួរត្រូវបានលើកទឹកចិត្តឱ្យមានការចូលរួមទូលំទូលាយពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជនជំនាន់ក្រោយតាមគ្រប់រូបភាពដែលអាចធ្វើទៅបាន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតថា អតីតយុទ្ធជន គ្រូបង្រៀន និងមន្ត្រីរាជកាចូលនិវត្តន៍បានដើរតួនាទីសំខាន់នៅក្នុងដំណើរការកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតមានការអភិវឌ្ឍរឹងមាំដូចបច្ចុប្បន្ន ដោយឈានចេញពីប្រទេសដែលមានសង្គ្រាមហែកហួររហូតដល់ទទួលបានសន្តិភាព និងការបង្រួបបង្រួមជាតិពេញលេញ, ពីប្រទេសមួយដែលខ្វះខាតធនធានមនុស្ស ទៅជាប្រទេសមួយដែលមានសក្តានុពលគ្រប់គ្រាន់ ដែលអាចរួមគ្នាទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ។
យ៉ាងណាក៏ដោយ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ការយកចិត្តទុកដាក់ទៅលើកិត្តិយស និងជីវភាពរបស់អតីតយុទ្ធជន ក៏ដូចជាមន្ត្រីរាជការចូលនិវត្តន៍ទាំងអស់ តែងត្រូវបានធ្វើជាប់ជាប្រចាំ ពោលគឺចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ឱ្យស័ក្តិសមនឹងគុណបំណាច់ដែលអ៊ំពូមីងបានបំពេញជូនជាតិមាតុភូមិ តាមរយៈការដាក់ចេញ និងការអនុវត្តនូវគោលនយោបាយនានា ដូចជា ការកែសម្រួលដំឡើងប្រាក់របបគោលនយោបាយជាបន្តបន្តាប់,ការផ្តល់បន្ថែមប្រាក់របបសន្តិសុខសង្គមប្រចាំខែ,ការផ្តល់សម្បទានដីសង្គមកិច្ច និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន និងគ្រួសារ,ការជួយឧបត្ថម្ភក្នុងពេលលំបាកខ្វះខាត,ការកំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំជា “ទិវាអតីតយុទ្ធជនកម្ពុជា”, កងទ័ពជើងគោកក៏បានផ្តល់អាទិភាពជូនកូនចៅរបស់អតីតយុទ្ធជននៅក្នុងដំណើរការជ្រើសរើសពលទាហានបំពេញក្របខ័ណ្ឌនៅតាមស្ថាប័ន-កងអង្គភាពចំណុះ, ការផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងប័ណ្ណ ប.ស.ស. និងការបំពាក់មេដាយការពារជាតិ។ល។ជាដើម៕ អត្ថបទ៖ បាន ចក










