UN៖ ការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដំណាក់កាលកណ្តាល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយប្រទេសអាល្លឺម៉ង់ និងបារាំងបានថ្កោលទោស ចំពោះចក្រពត្តិនិយមរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈប្រទេសកាតា សេណេហ្គាល់ និងទួរគីអំពាវនាវឱ្យមានការចរចាសន្តិភាពជាបន្ទាន់ ហើយប្រទេសលីទុយអានីជំរុញឱ្យមានការបង្កើតតុលាការឧក្រិដ្ឋកម្មសង្គ្រាម ដើម្បីដាក់ទោសភាពឃោរឃៅរបស់ទីក្រុងមូស្គូ។

ឈរនៅវេទិកាអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ពុំមានការបង្ហាញភស្តុតាងត្រឹមត្រូវអ្វីទាំងអស់សម្រាប់ការសម្រេចចិត្តរបស់លោក ពូទីន ក្នុងការវាយលុកលើអ៊ុយក្រែនកាលពីខែកុម្ភៈ។ លោកនិយាយថា នេះគឺជាចក្រពត្តិនិយម ហើយវាបានបង្កឲ្យមានមហន្តរាយមិនត្រឹមតែសម្រាប់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ពិភពលោកដែលសណ្តាប់ធ្នាប់ផ្អែកលើច្បាប់។ លោក Scholz និយាយថា ប្រសិនបើយើងចង់ឱ្យសង្គ្រាមនេះបញ្ចប់ នោះយើងមិនអាចព្រងើយកន្តើយចំពោះរបៀបដែលវានឹងបញ្ចប់នោះទេ។ លោក ពូទីន នឹងបោះបង់ចោលសង្គ្រាម និងមហិច្ឆតាចក្រពត្តិនិយមរបស់លោក ប្រសិនបើលោកដឹងថាមិនអាចឈ្នះ។ ដូច្នេះ អាល្លឺម៉ង់សន្យាថា នឹងមិនទទួលយកសន្តិភាពដែលកំណត់ដោយរុស្ស៊ីឡើយ ហើយនឹងបន្តគាំទ្រអ៊ុយក្រែនអស់ពីកម្លាំងចិត្តទាំងផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច ជំនួយមនុស្សធម៌ និងដោយសព្វាវុធ។

ទន្ទឹមនឹងនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានថ្កោលទោសការវាយលុករបស់លោក វ្ល៉ាឌីមៀ ពូទីន មកលើអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ខណៈមេដឹកនាំរុស្ស៊ីបង្កើនកិច្ចប្រឹងប្រែងសង្គ្រាម និងគំរាមកំហែងការសងសឹក។ ថ្លែងទៅកាន់ការជួបប្រជុំប្រចាំឆ្នាំនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅទីក្រុងញូវយ៉ក លោក Biden បានប្រើសុន្ទរកថាភាគច្រើនរបស់លោកដើម្បីថ្កោលទោសទីក្រុងមូស្គូ។ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយនេះ បានវាយលុកប្រទេសជិតខាងរបស់ខ្លួន ដោយព្យាយាមលុបបំបាត់រដ្ឋអធិបតេយ្យមួយនេះចេញពីផែនទី។ រុស្ស៊ីបានបំពានគោលការណ៍ស្នូលនៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយឥតអៀនខ្មាស៕
អត្ថបទ៖ ប៊ុនថន