ភ្នំពេញ ៖ ឯកឧត្តម ឡុង ប៊ុណ្ណាសិរីវឌ្ឍ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា រយៈពេល៥ឆ្នាំមកនេះ ក្រសួងវប្បធម៌ បានរកឃើញ និងទទួលវត្ថុបុរាណសិល្បៈពីគ្រប់ប្រភព បានចំនួន ៣៤,១៧៨វត្ថុ/ រូប/ ដុំ/ បំណែក/ ផ្ទាំង/ គ្រាប់។
ការថ្លែងរបស់ឯកឧត្តម ឡុង ប៊ុណ្ណាសិរីវឌ្ឍ បែបនេះ នាឱកាសដែរអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទព័ត៌មានបង្ហាញពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។ ឯកឧត្តម បន្តទៀតថា ក្នុងនោះមន្រី្តជំនាញបានធ្វើការជួសជុល និងអភិរក្សវត្ថុបុរាណ និងវត្ថុសិល្បៈ បានចំនួន៩,២៣០វត្ថុ/ រូប/ ដុំ/ បំណែក/ ផ្ទាំង/ គ្រាប់ និងជួសជុល អភិរក្សវត្ថុជាតិពន្ធុសាស្រ្ត បានចំនួន៥០៩មុខ និងបានចុះបញ្ជីវត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្រ្ត បានចំនួន២៥,៣៩២វត្ថុ/ រូប/ ដុំ/ បំណែក/ ផ្ទាំង/ គ្រាប់/មុខ ព្រមទាំងបានចុះវត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្រ្ត ក្នុងប្រព័ន្ធទិន្នន័យ ចំនួន១២,៨៣៩វត្ថុ/ រូប/ ដុំ/ បំណែក/ ផ្ទាំង/ គ្រាប់/មុខ និងបានសិក្សាវិភាគវត្ថុបុរាណ និងវត្ថុសិល្បៈ ចំនួន១,៦៨០វត្ថុ/ រូប/ ដុំ/ បំណែក/ ផ្ទាំង។
ឯកឧត្តម ឡុង ប៊ុណ្ណាសិរីវឌ្ឍ បានបន្ថែមទៀតថា ជាយុទ្ធសាស្រ្ត ក្រសួងបានផ្តោតសំខាន់ទៅលើការអភិរក្ស ថែរក្សា ក្នុងនោះយើងបានផ្តោតទៅលើការស្រាវជ្រាវ ផ្សព្វផ្សាយ និងទាមទារមកវិញនូវវត្ថុបុរាណខ្មែរ ដែលជាការងារមួយដ៏ចាំបាច់ ដឹកនាំដោយលោកជំទាវ បណ្ឌិតសភាចារ្យផ្ទាល់ ក្នុងរយៈពេល៥ឆ្នាំនេះ យើងទទួលបានវត្ថុបុរាណ វត្ថុសិល្បៈពីក្រៅប្រទេស ហើយការទាមទារមកវិញនេះ គឺក្រសួងមានយន្តការច្បាស់លាស់ ទី១.យន្តការអំពាវនាវ ការស្ម័គ្រចិត្ត ដែលសប្បុរសជន ឬមួយក៏អ្នក ដែលមានវត្ថុសិល្បៈរបស់ខ្មែរ នៅក្រៅប្រទេស គាត់ទិញវត្ថុសិល្បៈយកទៅដោយចៃដន្យ ដោយមិនបានដឹង និងមានការផ្សព្វផ្សាយ ស្រាវជ្រាវ និងអំពាវនាវទៅ ក៏បញ្ជូនយកមកឲ្យកម្ពុជាវិញ។ ទី២.កិច្ចព្រម និងការចចារគ្នា ដើម្បីទាមទារយកវត្ថុបុរាណ វត្ថុសិល្បៈមកវិញ និងទី៣.យន្តការទាមទារដោយច្បាប់។ ដូច្នេះទាមទារឲ្យមានកិច្ចសហការ ជាពិសេសមួយរយៈពេលចុងក្រោយនេះ កម្ពុជា មានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ក្នុងយុទ្ធនាការមួយ ដើម្បីទាមទារវត្ថុបុរាណ វត្ថុសិល្បៈមកកាន់កម្ពុជាវិញ ក្នុងនោះវត្ថុបុរាណ វត្ថុសិល្បៈ ចំនួន២៥៨រូប ដែលបានបញ្ជូនមកកាន់កម្ពុជាវិញ ក្នុងរយៈពេល៥ឆ្នាំមកនេះ មានមកពីសហរដ្ឋអាមេរិក ចំនួន៣៣, ប្រទេសជប៉ុន ចំនួន៧១រូប, ប្រទេសហុងគ្រី ចំនួន១១០រូប, ប្រទេសអង់គ្លេស១៦រូប និងប្រទេសថៃ ចំនួន២៨រូប។
ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការទទួលវត្ថុបុរាណ វត្ថុសិល្បៈត្រឡប់មកវិញនេះ គឺជាការខិតខំប្រឹងប្រែងនិងជាយុទ្ធសាស្រ្ត ស្របតាមគោលនយោបាយជាតិ ដែលយើងឈានដល់ដំណាក់កាលមួយ ដែលពីមុនយើងអត់មានសន្តិភាព បច្ចុប្បន្នយើងមានសន្តិភាព ស្ថេរភាព យើងរក្សាបាននូវសុវតិ្ថភាពផ្នែកបេតិកភណ្ឌ គឺប្រាសាទ។ ដូច្នេះរូបបដិមាខ្លះ យើងត្រូវទាមទារយកវិញ មកភ្ជាប់ព្រលឹងនឹងរូបបដិមាឡើងវិញ នេះជាមោទនភាពក្នុងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ ក្រោមការដឹកនាំរបស់លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្ត បានធ្វើកិច្ចការនេះជាច្រើន៕ អត្ថបទ ៖ រដ្ឋា











