បាល់ទាត់៖ ខ្សែបំរើប៊ែលហ្ស៊ិក Kevin de Bruyne បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលនឹងបន្តរួមរស់ជាមួយ Manchester City ដល់ឆ្នាំ២០២៥។ កីឡាករវ័យ ២៩ឆ្នាំជំរើសជាតិប៊ែលហ្ស៊ិករូបនេះ នៅសល់សុពលភាពកិច្ចសន្យាចាស់ ២ឆ្នាំទៀត។

Kevin de Bruyne ជាសមាជិកសំខាន់របស់ Manchester City ដែលឈ្នះពាន English Premier League ២លើក, FA Cup និង League Cup ៤លើក តាំងពីផ្ទេរពីក្លិបអាល្លឺម៉ង់ Wolfsburg នៅឆ្នាំ២០១៥។ អតីតកីឡាកររបស់ Chelsea រូបនេះបាននិយាយថា ការសំរេចចិត្តចុះកិច្ចសន្យាថ្មីនេះ គឺសំឡឹងឃើញពីអនាគតដ៏វែងឆ្ងាយជាមួយក្លិប ក្នុងការរួមដំណើរស្វែងរកជោគជ័យបន្ថែមទៀត។ កីឡាករប៊ែលហ្ស៊ិករូបនេះ គឺជាសមាជិកមិនអាចខ្វះបានរបស់លោក Pep Guardiola រដូវកាលនេះ ដែលកំពុងមានឱកាសដណ្តើមពាន ៤ ក្នុងមួយរដូវកាល។ ទោះបីជាមានរបួសញាំញីរំខានក៏ដោយ Kevin de Bruyne រកបាន ៨គ្រាប់ បញ្ជូន ១៦គ្រាប់ក្នុងការបង្ហាញខ្លួនសរុប ៣៣លើកឲ្យ Manchester City គ្រប់ក្របខណ្ឌរដូវកាលនេះ។
Manchester City កំពុងស្ថិតក្នុងដំណើរស្វែងរកពាន ៤ ក្នុងមួយរដូវកាលដែលរួមមានកំពុងនាំមុខដាច់នៅ Premier League ១៤ពិន្ទុ, ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup, ឡើងវគ្គផ្តាច់ព្រ័ត្រ Carabao Cup និងវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League ដែលទើបយកឈ្នះ Borussia Dortmund ២-១ កាលពីយប់ថ្ងៃអង្គារ៕
អត្ថបទ៖នាង សុភាវុធ