ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានធ្វើពិធីប្រគល់ម៉ូតូជូនជនរងគ្រោះចំនួន ០៨គ្រឿង នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នេះនៅទីតាំងឃ្លាំងស្តុកម៉ូតូ នៅOCIC ដែលបានដកហូតម៉ូតូពីទីតាំងហាងបញ្ចាំនៅឃ្លាំងរំសេវរយៈពេល៤ថ្ងៃកន្លងមកនេះបានជាង១០០០គ្រឿង។
ក្នុងឱកាសប្រគល់ម៉ូតូជូនជនរងគ្រោះនេះផងដែរ លោក ឃ្លាំង ហួត អភិលរងរាជធានីភ្នំពេញលើកឡើងថា នេះជាជនរងគ្រោះចំនួន០៨ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត ដូច្នេះ លោកបាន ជំរុញឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធឲ្យពន្លឿនការធ្វើឯកសារ ដើម្បីប្រគល់ជូនម៉ូតូដល់ជនរងគ្រោះណាដែលផ្ទៀងផ្ទាត់ឃើញម៉ូតូខ្លួន ដើម្បីបានធ្វើជាមធ្យោបាយធ្វើដំណើរ ប្រកបមុខរបររបស់ខ្លួនវិញ។
ក្នុងនោះដែរប្រជាពលរដ្ឋដែលជាជនរងគ្រោះបានមកទទួលម៉ូតូរបស់ខ្លួនវិញនោះមានសេចក្ដីរំភើបរីករាយយ៉ាងខ្លាំងដែលម៉ូតូរបស់ខ្លួនបានបាត់ជាច្រើនឆ្នាំផងដែរហើយបានរកឃើញវិញនោះ និងបានថ្លែងអំណរអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំងអស់។
គួរជម្រាបថា ក្នុងប្រតិបត្តិការប៉ុន្មានថ្ងៃមកនេះ កម្លាំងសមត្ថកិច្ចបានរកឃើញម៉ូតូប្រមាណជាង១,០០០គ្រឿង ដែលបញ្ចាំដោយគ្មានឯកសារត្រឹមត្រូវ ហើយត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីផ្សព្វផ្សាយស្វែងរកម្ចាស់ ។
គួរបញ្ជាក់ផងដែរកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ កន្លងមក នេះលោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងដឹកនាំផ្ទាល់ដោយ លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវ បន្ទាប់ពីមានបទបញ្ជាពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយអនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ពាក់ព័ន្ធការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់។លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ឲ្យដឹងថា ទីតាំងឃ្លាំងបញ្ចាំ ស្ថិតនៅភូមិ៣ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ មានចំនួន ៦០ ទីតាំង ក្នុងនោះមានទីតាំងខ្លះមានអាជ្ញាប័ណ្ណនិងទីតាំងខ្លះមិនមានអាជ្ញាប័នឡើយ។ អភិបាលរងបានបន្តទៀតថា មានអាជ្ញាប័ណ្ណឬមិនមានអាជ្ញាប័ណ្ណជារឿងមួយ តែដោយឡែកទីតាំងដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវសូមប្រកបអាជីវកម្មស្របច្បាប់កុំប្រព្រឹត្តបទល្មើស ក្រោមអាជ្ញាប័ណ្ណស្របច្បាប់ ដោយទទួលបញ្ចាំម៉ូតូខុសប្រក្រតី បើពុំដូចនេះទេនិងចាត់វិធានការច្បាប់៕