ព្រះវិហារ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាល តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជានឹងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។
ការថ្លែងយ៉ាងដូច្នេះធ្វើឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញក្នុងពិធីប្រកាសតែងតែងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និងជួបសំណេះសំណាល រួមទាំងចែកអំណោយជូនអតីតយុទ្ធជនប្រមាណ២០០នាក់។
នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ និងនឹករលឹកមកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ពិសេសថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព ដោយបន្តលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ និងត្រូវមានវិធានការជួយពួកគាត់ពេលមានបញ្ហាឱ្យទាន់ពេលវេលា។
ជាក់ស្តែង ដើមឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល បានតម្លើងប្រាក់បៀរវត្សន៍ ជាបន្តបន្ទាប់។
នាយឧត្តមសេនីយ៍ គន់ គីម គូសបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជនក្រីក្រជាបន្តបន្ទាប់ ខណៈនាពាក់កណ្តាលឆ្នាំនេះ សមាគមអតីតយុទ្ធជនកម្ពុជាបានខិតខំបញ្ចប់គម្រោងសាងសង់ផ្ទះចំនួន៤០០ខ្នងបន្ថែមទៀតដល់អតីតយុទ្ធជនមុនបំណាច់ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍ គន់ គីម មានប្រសាសន៍ថា អ្វីៗដែលសមាជិកអតីតយុទ្ធជនកម្ពុជាទទួលបានដូចសព្វថ្ងៃនេះ គឺដោយសារកម្ពុជាមានសន្តិភាពក្រោមការដឹកនាំ និងដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព។
ទន្ទឹមគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំសង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយបងប្អូនតាមគ្រួសារ តាមខ្នងផ្ទះនីមួយៗ៕ អត្ថបទ៖ សេក ឧត្តម









