ភ្នំពេញ៖ ប្រតិបត្តិការនៃការស្វែងរកជនរងគ្រោះបាត់ខ្លួនទាំង ២៣នាក់ បាននិងកំពុងធ្វើឡើងនៅផ្ទៃសមុទ្រ ដែលជាទីតាំងលិចទូក និងភូមិសាស្ត្រជុំវិញទីតាំងកើតហេតុ នៅចន្លោះពយសារឿង និងកោះតាងស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ រដ្ឋបាលខេត្តព្រះសីហនុ សូមប្រកាសដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទទាំងអស់ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្តចំនួន ២លានរៀន។
ករណីខាងលើនេះ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី ០៣នាក់ សង្រ្គោះបាន១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី ០៣នាក់។
បច្ចុប្បន្នជនរងគ្រោះទាំង ១៨នាក់ ត្រូវបានយកទៅរក្សាទុក នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួន ២៣នាក់បន្តទៀត។
ជាមួយគ្នានេះ កម្លាំងអង្គភាពបានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។ នេះជាការបញ្ជាក់ឱ្យដឹងពីអ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ លោក ឃាង ភារម្យ។
ជនរងគ្រោះ បានឱ្យដឹងថា ទូកនេះ បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមកប៉ាល់លឿន ០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ០២នាក់ និងបានបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿង ប្រភេទទូកអូសពណ៌បៃតង មានមនុស្ស ០៦នាក់ បានមកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។
ករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ពាក់ព័ន្ធនឹងការការជួញដូរពលកម្ម សមត្ថកិច្ច បាននិងបន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួននៅក្នុងសមុទ្រទាំងនោះ។
សូមបញ្ជាក់ថា ករណីលិចទូកចំនួន ០១គ្រឿង ស្ថិតនៅ ចំណុច និយាមកាម១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាងស្ថិតក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានដឹកនាំកម្លាំងអង្គភាពបង្រ្កាបចំនួន ១៦នាក់ និងមធ្យោបាយចំនួន ០២គ្រឿង (១.៦០០សេស ០១គ្រឿង និង៧០០សេស ០១គ្រឿង) ចេញទៅជួយសង្រ្គោះ និងសង្រ្គោះមនុស្សបានចំនួន១៨នាក់៕អត្ថបទ៖គង់ ប៊ុនថា









