ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្សប្រហែល ៤,៣០០នាក់មកពីក្នុង និងក្រៅប្រទេសជប៉ុននឹងចូលរួមពិធីបុណ្យសពរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ប្រធានរដ្ឋមន្ត្រីខុទ្ទកាល័យលោក Matsuno Hirokazu បាននិយាយថា មនុស្សប្រមាណ ៣,៦០០នាក់មកពីក្នុងប្រទេស និងប្រមាណ ៧០០នាក់ទៀតមកពីក្រៅប្រទេស ត្រូវបានគេរំពឹងថានឹងមានវត្តមាននៅក្នុងពិធីបុណ្យសពនេះ។ អ្នកនៅក្នុងប្រទេសរួមមានប្រធានសភាជាន់ទាប និងសភាជាន់ខ្ពស់ ព្រមទាំងសមាជិកសភាបច្ចុប្បន្ន និងអតីតសមាជិកសភាជាង ៧០០នាក់ និងអភិបាលខេត្តចំនួន ៤៤នាក់។
រដ្ឋាភិបាលក៏រំពឹងថានឹងមានមនុស្សជាង ១,០០០នាក់មកពីក្រុមពាណិជ្ជករ និងមជ្ឈដ្ឋានផ្សេងទៀតនឹងមានវត្តមាននៅក្នុងពិធីបុណ្យសព។ ទាក់ទងនឹងការចូលរួមមកពីក្រៅប្រទេស រដ្ឋាភិបាលរំពឹងថានឹងទទួលថ្នាក់ដឹកនាំកំពូលៗចំនួន ៣៥រូប និងគណៈប្រតិភូបរទេសចំនួន ២១៨រូប។ លោក Matsuno បាននិយាយថា រដ្ឋាភិបាលជប៉ុនអរគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជាច្រើន ដែលនឹងចូលរួមក្នុងពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe៕
អត្ថបទ៖ ប៊ុនថន