ឧត្តរមានជ័យ៖ ស្របពេលតាមបណ្តាខេត្តមួយចំនួនរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះមានខេត្តពីរដែលមានប្រជាជនប្រមាណ៥០០គ្រួសារត្រូចបានជម្លៀសពីលំនៅដ្ឋាន។បន្ទាប់ពីធ្វេីដំណេីរចុះពិនិត្យទឹកជំនន់ក្នុងខេត្តបី រួមមាន សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឃេីញថា មានខេត្ត៥ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង រួមមាន កំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ និងបន្ទាយមានជ័យ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តថា ក្នុងចំណោមខេត្តទាំង៥ឃេីញថា ស្ថានភាពចំពោះខេត្តកំពង់ធំ និងព្រះវិហារ ទឹកបានថមថយ និងហូរចូលបឹងទន្លេសាបជាបន្តបន្ទាប់ ប៉ុន្តែខេត្ត៣ទៀត បានរងផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានប្រជាពលរដ្ឋ។
ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្នុងនាមសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំមន្រ្តីជំនាញចុះពិនិត្យដោយផ្ទាល់អំពីការលំបាកការខូចខាត ឬការជម្លៀសប្រជាជនទៅទីទួលសុវត្ថិភាព។ ជាក់ស្តែង ការជម្លៀសប្រជាជនមានតែពីរខេត្តប៉ុណ្ណោះ គឺឧត្តរមានជ័យ និងបន្ទាយមានជ័យ ដោយក្នុងចំណោមខេត្តនីមួយៗបានជម្លៀសប្រជាជនប្រមាណជាង២០០គ្រួសារ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមអំពាវនាវដល់បងប្អូនប្រជាជនតាមខេត្តដែលបានចុះពិនិត្យ ត្រូវយកចិត្តទុកដាក់ តាមដាន និងប្រុងប្រយ័ត្នជាប់ជាប្រចាំ ជាពិសេសសូមស្នេីមន្ទីរធនធានទឹក ត្រូវជូនដំណឹងជាបន្ទាន់ដល់ប្រជាជនមុនបេីលទ្វារទឹករបស់ខ្លួនដោយសារបញ្ហានេះអាចបង្កអោយលិចលង់ក្នុងរយ:ពេលខ្លីបំផុត។
ឯកឧត្តមទេសរដ្ឋមន្រ្តី បន្ថែមថា ទោះបីស្ថិតក្នុងកាល:ទេស:មិនប្រឈមធ្ងន់ធ្ងរក្តី ប៉ុន្តែគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានត្រៀមរួចរាល់ ជាមួយបណ្តាកងឯកភាពរុករក និងសង្គ្រោះមហន្តរាយសរុបទាំង១៦កង ដើម្បីឆ្លើយតបចំពោះហេតុការណ៍ដែលអាចកើតឡើងជាយថាហេតុ ពិសេសគឺជំនន់ទឹកភ្លៀងដែលកម្ពុជាតែងតែប្រឈមជារៀងរាល់ឆ្នាំ។
បន្ថែមលេីសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តទាំងអស់ មេត្តាយកចិត្តទុកដាក់ខ្ពស់ដើម្បីតាមដានសភាពការណ៍នេះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅកងអន្តរាគមន៍សង្គ្រោះគ្រោះមហន្តរាយក្នុងករណីការអន្តរាគមន៍លើសពីសមត្ថភាព របស់ខ្លួន ដើម្បីធានាការជួយសង្គ្រោះជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕
អត្ថបទ សេក ឧត្តម









