ព្រះសីហនុ៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានដឹកនាំបញ្ជាផ្ទាល់ក្នុងប្រតិបត្តិការស្វែងរកជនរងគ្រោះដោយសារលិចទូកនៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុចំនួនសរុប ៤១នាក់ ជាលទ្ធផលត្រូវបានជួយសង្គ្រោះសរុប ២២នាក់ (ស្លាប់ ០១នាក់) និងបាត់ខ្លួន ១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
ឯកឧត្តម គួច ចំរើន បានដាក់ចេញនូវបទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងដែលមានការពាក់ព័ន្ធទាំងអស់ឱ្យចេញប្រតិបត្តិការតាមស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួន និងបានប្រកាសផ្តល់ជូនថវិកាដល់ក្រុមជួយសង្គ្រោះ ឬទូកនេសាទ ក្នុងករណីសង្គ្រោះបានជនរងគ្រោះម្នាក់ នឹងផ្តល់ជូនថវិកាលើកទឹកចិត្ត ២លានរៀល។ បច្ចុប្បន្នជនរងគ្រោះទាំងអស់ ត្រូវបានយកទៅដាក់នៅវរសេនាតូចលេខ២៤០ (កោះរ៉ុង) ដើម្បីធ្វើការសួរនាំ និងកំពុងស្វែងរកជនរងគ្រោះបាត់ខ្លួនបន្តទៀត។ កម្លាំងអង្គភាព បានធ្វើការឃាត់ទូកចំនួន ០១គ្រឿងផ្សេងទៀត មានមនុស្សចំនួន ០២នាក់ជាជនជាតិខ្មែរ ដោយបានប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សួរនាំតាមនីតិវិធី ដោយឡែកទូករក្សាទុកនៅអង្គភាព។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញានេះ ក្រោយពីបានធ្វើការសាកសួរទៅលើឈ្មោះ CHENGUI SHENG ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ស្រុកំណើត ខេត្តហ្វូចៀន ប្រទេសចិន ជាតំណាងជនរងគ្រោះ បានប្រាប់ថា នៅលើទូកមានជនជាតិចិនសរុបចំនួន ៤១នាក់ ស្រី ០៣នាក់ សង្រ្គោះបាន ១៨នាក់ បាត់ខ្លួនចំនួន ២៣នាក់ ស្រី ០៣នាក់។ ជនរងគ្រោះ បានឱ្យដឹងថា ទូកនេះ បានធ្វើដំណើរចេញពីប្រទេសចិន (កំពង់ផែក្វាងចូវ) តាមកប៉ាល់លឿន ០១គ្រឿង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ រួចបានសាងមកទូកឈើ ០១គ្រឿង នៅអំឡុងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ នៅសមុទ្រអន្តរជាតិជាមួយតៃកុងទូកជនជាតិខ្មែរ ០២នាក់ និងបានបន្តនៅលើទូកឈើនោះ រហូតដល់ថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២២ ទូកឈើនោះខូចក៏ចាប់ផ្តើមលិចបន្តិចម្តងៗ ទើបមានទូកនេសាទ ១គ្រឿង ប្រភេទទូកអូសពណ៌បៃតង មានមនុស្ស ០៦នាក់ បានមកទទួលយកតៃកុងខ្មែរ ០២នាក់នោះ ចេញទៅបាត់ ដោយទុកតែអ្នកធ្វើដំណើរនៅលើទូក ក្រោយមកទូកនេះក៏បានលិចបាត់នេះនៅកណ្តាលសមុទ្រ។ ករណីនេះ ត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានថាពាក់ព័ន្ធនឹងការការជួញដូរពលកម្ម សមត្ថកិច្ច បាននិងបន្តស្វែងរកអ្នកដែលកំពុងបាត់ខ្លួននៅក្នុងសមុទ្រទាំងនោះ៕












