បាល់ទាត់៖ ក្រុមអង្គរថាយហ្គឺរបានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៃលីគកំពូលកម្ពុជា ១សប្ដាហ៍ទៀតហើយ បន្ទាប់ពីយកឈ្នះក្រុមនគរបាលជាតិដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ សប្ដាហ៍ទី៥ នៅកីឡដ្ឋានអគ្គិសនីកម្ពុជាកាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ម្សិលមិញ។

ជំនួបដ៏តានតឹងនេះ ក្រុមទាំងពីរបានវាយសម្រុកគ្នាទៅវិញទៅមក ពិសេសក្រុមនគរបាលជាតិ ទោះបីពួកគេបាត់បង់កម្លាំងស្នូលម្នាក់គឺខ្សែប្រយុទ្ធ Booysen Shane ដែលមានជំងឺស្ទះសរសៃឈាមក៏ដោយ។ ប៉ុន្តែនៅនាទី២១ កីឡាករ Iago Bento Fernandes បានបំប៉ោងសំណាញ់ទីក្រុមនគរបាលជាតិ ១គ្រាប់មុន ហើយក៏ជាគ្រាប់បាល់ជ័យជម្នះក្នុងការប្រកួតនេះដែរ បន្ទាប់ពីក្រុមលោក អ៊ុង កនយ៉ានិត ព្យាយាមវាយបកតែធ្វើមិនបានសម្រេច។

នេះគឺជាលើកដំបូងហើយ ដែលក្រុមអង្គរថាយហ្គឺរដណ្ដើមបានជ័យជម្នះក្រៅដី បន្ទាប់ពីឆ្លងកាត់ ៤ប្រកួតឈ្នះ៣ និងស្មើ១ ដើម្បីរក្សាកៅអីកំពូលតារាងបណ្ដោះអាសន្ន និងមាន ១០ពិន្ទុក្នុងដៃ។ ចំណែកក្រុមនគរបាលជាតិនៅមិនទាន់មានពិន្ទុរាប់ឡើយ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួតចាញ់ទាំង ៣ប្រកួត ខណៈ ២ប្រកួតដំបូងចាញ់ក្រុមអគ្គិសនីកម្ពុជា និងចាញ់ក្រុមអាស៊ីអឺរ៉ុបដោយលទ្ធផល ៣-២ ដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា