ព្រះសីហនុ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាលនេះ គណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសួរសុខទុក្ខជនរងគ្រោះលិចទូកចំនួន ០២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ បានឱ្យដឹងថា ជនរងគ្រោះទាំង ០២នាក់នេះ គឺជាជនរងគ្រោះក្នុងចំណោមជនរងគ្រោះផ្សេងទៀតដែលត្រូវបានជួយសង្គ្រោះ ក្នុងករណីលិចទូក នៅចំណុចនិយាមកា ១០.២៥N ១០៣.១៦E នៅចន្លោះពយសារឿង និងកោះតាង ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ កន្លងមក ហើយត្រូវបានជួយសង្រ្គោះដោយប្រជានេសាទ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។
លោក បន្តថា ជនរងគ្រោះដោយសារករណីលិចទូកនេះ មានចំនួនសរុប ៤១នាក់ និងត្រូវបានជួយសង្គ្រោះសរុប ២២នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន១៩នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងស្វែងរកអ្នកបាត់ខ្លួនបន្តទៀត។
ដោយឡែកតាមព័ត៌មានមិនទាន់ផ្លូវការបានឱ្យដឹងថា ជនរងគ្រោះចំនួន ០៩នាក់ផ្សេងៗទៀត បានហូរទៅកាន់ព្រំដែនទឹកប្រទេសវៀតណាម និងត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរវៀតណាមផងដែរ ដោយករណីនេះ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើការទំនាក់ទំនងជាមួយស្ថានទូតសាធារណរដ្ឋចិនប្រចាំប្រទេសវៀតណាម ដើម្បីបញ្ជាក់ពីភាពច្បាស់លាស់បន្ថែមទៀត៕







