ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែល BTV ទទួលបាន នាព្រឹកថ្ងៃទី២៤ កញ្ញា ឱ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង ៥០ នាទី ដោយមានការអនុញ្ញាតពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យ សហការជាមួយសមត្ថកិច្ចមូលដ្ឋានបានចុះធ្វើការត្រួតពិនិត្យផ្ទះសំណាក់ហ្វែរីឡែន ផ្ទះលេខ៩៩ ផ្លូវលេខ១៤១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីចាប់ឃុំឃាំង និងបង្ខាំងជនរងគ្រោះធ្វើទារុណកម្មជំរិតទារប្រាក់ ចំនួន ១០,០០០ដុល្លារអាមេរិក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២មកម្លេះ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបាន ។
ជនសង្ស័យទាំង ៤នាក់ ១-ឈ្មោះ VO HONG QUAN ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ លក់ដូរ ស្នាក់នៅមិនពិតប្រាកដ ។២-ឈ្មោះTRAN TINH HUY ភេទ ប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ កសិករ ស្នាក់នៅមិនពិតប្រាកដ ។ ៣-ឈ្មោះ NGUYEN VAN VO ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ ។ ៤-ឈ្មោះ LUONG VON THIET ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ HUYNH VAN PHONG ភេទ ប្រុស ជនជាតិវៀតណាម ។
សមត្ថកិច្ច ប្រាប់បញ្ជាក់អោយដឹងថា ករណីនេះផ្តើមឡើង ដោយសារការខ្ចីលុយលេងល្បែងកាស៊ីណូ ហើយជនរងគ្រោះមិនមានលុយសងក្រុមជនសង្ស័យវិញ កើតឡើងកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបង្ក្រាបបាន ។
ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់ ៕ តារាវុទ្ធី


