សៀមរាប៖ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់ពាន់នាក់ បាននាំគ្នាទៅទស្សនារមណីយដ្ឋានអង្គរ នាឱ្យកាសថ្ងៃឈប់សម្រាប់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅថ្ងៃទីមួយ នាថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២២នេះ ។
ក្រុមអ្នកទេសចរជាតិ បានឱ្យដឹងដូចៗគ្នាថា ពិធីបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះចំថ្ងៃឈប់សម្រាកច្រើនថ្ងៃ ហើយនស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាល ទើបពួកគាត់មានឱ្យកាសដើរកំសាន្ដ ដែលខុសពីពីរឆ្នាំដែលមានការផ្ទះនៃជំងឺកូវីដ១៩។
ជាមួយគ្នានោះ ការដើរកំសាន្ដនៅប្រាសាទអង្គរវត្ដ ស្របពេលប្រទេសជាតិមានសុខសន្ដិភាព ផ្លូវថ្នល់មានការអភិវឌ្ឍ ងាយស្រួលធ្វើដំណើរផងដែរ។ជាពិសេសការទៅទស្សនាអង្គរ ជាការលើកស្ទួយនូវតម្លៃវប្បធម៌ខ្មែរផង ។ពួកគាត់បានសម្ដែងការរីករាយ ក្នុងការជួបជុំគ្នាសបបាយក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ។
មួយវិញទៀតភ្ញៀវទេសចរដែលដើរកំសាន្ដ ក៏បានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសផ្តល់ឱកាសដល់អ្នករកស៊ីផ្នែកទេសចរណ៍រៀបចំបើកទ្វារឡើងវិញដើម្បីបម្រើសេវាកម្មទេសចរណ៍សម្រាប់ត្រៀមទទួលភ្ញៀវទេសចរបរទេស ខណៈទីតាំងអាជីវកម្មទេសចរណ៍ជាច្រើនបានបិទទ្វារ ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា ពិធីបុណ្យជាតិធំៗ និងពិធីបុណ្យសំខាន់ៗ ដែលអ្នកទេសចររាប់ពាន់ម៉ឺននាក់ ទៅទស្សនានៅប្រាសាទអង្គរវត្ដ នាខេត្ដសៀមរាប រួមមាន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពិធីឆ្លងឆ្នាំសកល ពិធីបុណ្យភ្ជុំបិណ្យ និងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែជាដើម ។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍បានឲ្យដឹងនាពេលថ្មីៗនេះថា ការមកដល់របស់ទេសចរបរទេសនៅកម្ពុជាមានសន្ទុះឡើងវិញ ក្រោយកម្ពុជាបានបើកប្រទេសក្នុងរយៈពេល៦ខែចុងក្រោយនេះ បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ៕








