កំពង់ចាម៖ មានករណីលិចទូកដនៅស្ពានអូងគោ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបណ្ដាលឲ្យមនុស្សប្រុសស្រីជិត ២០នាក់ និងម៉ូតូ ៦គ្រឿងត្រូវបានធ្លាក់ទឹក ខណៈក្មេងស្រីម្នាក់ត្រូវបាត់បង់ជីវិត។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ពេលទឹកឡើងម្តងតែងតែមានទូកដចំលងនៅចំណុចកើតហេតុនេះដែលទូកដគេធ្វើអំពីឈើ និងក្រងឬស្សីយកទូក ២ភ្ជាប់គ្នាដើម្បីចម្លងមនុស្ស និងម៉ូតូ។ ហើយទីតាំងនេះគឺជាព្រំប្រទល់រវាងស្រុកកោះសូទិន ខេត្តកំពង់ចាម និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ជាអកុសលនៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នេះស្រាប់តែទូកដបានលិច ហើយប្រហែលមកពីចំនួនមនុស្ស និងម៉ូតូហួសទំនង់បានបណ្តាលឲ្យកើតហេតុការណ៍ដូច្នេះ។ ពលរដ្ឋនៅកន្លែងកើតហេតុបានបន្ថែមទៀតថា មានករណីលិចទូកដនៅស្ពានអូងគោ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបណ្តាលឲ្យមនុស្សប្រុសស្រីជិត ២០នាក់ និងម៉ូតូ ៦គ្រឿងត្រូវលិច ហើយក្មេងស្រីវ័យ ១២ឆ្នាំត្រូវបាត់បង់អាយុជីវិត។ បច្ចុប្បន្នក្មេងស្រីវ័យ ១២ឆ្នាំនោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ ថុង សីហា

