ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ទៅដល់រដ្ឋអាឡាស្ការ សហរដ្ឋអាមេរិកហើយ ដើម្បីចុះចតយន្តហោះចាក់ប្រេង នៃដំណើរចេញពីប្រទេសគុយបា ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ស៊ិនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងក្តីរីករាយយ៉ាងខ្លាំង ដែលការប្រារព្ធពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានបញ្ចប់ទៅដោយភាពជោគជ័យ និងសប្បាយរីករាយ ដោយរក្សាបាននូវការការពារខ្លួនពីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីក្រសួងសុខាភិបាលបានបញ្ជាក់ពីករណីឆ្លងថ្មីប្រចាំថ្ងៃ នៃជំងឺកូវីដ-១៩ ដែលមានក្នុងរង្វង់ ១០ ឬក្រោម ១០នាក់ ក្នុងមួយថ្ងៃ និងគ្មានករណីស្លាប់ថ្មីដោយជំងឺកូវីដ-១៩ទេ ដែលនេះគឺជាភាពជោគជ័យមួយ នៃភាពស៊ាំសហគមន៍ បណ្តាលមកពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងវិធានការការពារខ្លួន ៣ការពារ និង៣កុំ៕

