នគរបាលនៅក្នុងទីក្រុងតូក្យូ បានរឹតបន្តឹងសន្តិសុខ ខណៈមេដឹកនាំបរទេស នឹងមកចូលរួមពិធីបុណ្យសពរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកShinzo Abe នៅថ្ងៃអង្គារ។ មន្ត្រីនគរបាលប្រមាណ ២ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខសម្រាប់ពិធីបុណ្យ នៅទីក្រុងតូក្យូ។
មនុស្សរាប់ពាន់នាក់ត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំនៅទីលាន Budokan ដ៏ល្បីល្បាញរបស់ទីក្រុងតូក្យូនៅថ្ងៃអង្គារ ដើម្បីគោរពវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ។
រដ្ឋាភិបាលជប៉ុនបាននិយាយថា មនុស្ស ៤៣០០ នាក់នៅក្នុងប្រទេសជប៉ុន និងប្រមាណ ៧០០ នាក់មកពីក្រៅប្រទេសនឹងមកចូលរួមពិធីបុណ្យសពរដ្ឋ រួមទាំងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្រីKamala Harris។
ផែនការនៃការរៀបចំពិធីបុណ្យសពរដ្ឋបានបណ្តាលឲ្យមានការជជែកដេញដោល និងការតវ៉ា។ រដ្ឋាភិ បាលនិយាយថាព្រឹត្តិការណ៍នេះនឹងត្រូវចំណាយថវិកា 12 លានដុល្លារ ប៉ុន្តែមនុស្សជាច្រើនសង្ស័យថា នឹងចំណាយខ្ពស់ជាងនេះច្រើន។ នៅក្នុងប្រវត្តិសាស្ត្រក្រោយសង្គ្រាមលោកលើកទី 2 របស់ប្រទេសជប៉ុន មានតែនាយករដ្ឋមន្ត្រីរូបនេះដែលត្រូវបានផ្តល់កិត្តិយសសម្រាប់ពិធីបុណ្យសពដែលផ្តល់ហិរញ្ញវត្ថុដោយប្រើប្រាស់ថវិការដ្ឋ។ នគរបាលមកពីខេត្តមួយចំនួនត្រូវបាននាំយកមកកាន់ទីក្រុងតូក្យូដើម្បីពង្រឹងសន្តិ សុខ។
នាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Fumio Kishida បានការពារការសម្រេចចិត្តរបស់រដ្ឋបាលលោកសម្រាប់ពិធីបុណ្យសពរដ្ឋ ដោយនិយាយថា វានឹងមិនត្រឹមតែរំលឹកដល់កេរ្តិ៍ដំណែលរបស់លោក Abe ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញថា ប្រទេសជប៉ុនអាចការពារលទ្ធិប្រជាធិបតេយ្យយ៉ាងរឹងមាំដោយគ្មានអំពើហិង្សា។ លោក Fumio Kishida បានកំណត់កាលបរិច្ឆេទ ជួបដាច់ដោយឡែកជាមួយមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់បរទេសជាង៣០នាក់ ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃពុធ។



