កម្លាំងនគរបាល នៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២៤នាក់(ស្រី១១នាក់) និងដកហូតរថយន្តចំនួន ០២គ្រឿង ដែលជាប់ពាក់ព័ន្ធ លើករណីបង្ខាំងមនុស្សដោយខុសច្បាប់ក្នុងអំពើធ្វើទារុណកម្ម។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលានៅវេលាម៉ោង ១២និង០០នាទីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិវៀតណាមនេះ ធ្វើឡើងចំនួន៣កន្លែង។ ទីតាំងទី០១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦ត្រង់អក្សរTខាងកើតរង្វង់មូលស្រុកក្រឡាញ់ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដោយឃាត់មនុស្សបានចំនួន០៨នាក់(ស្រី២នាក់) និងរថយន្តម៉ាកស្តារិចពណ៌ស០១គ្រឿង។ ទីតាំងទី២ នៅក្នុងផ្ទះវីឡាជួលស្ថិតនៅក្រុមទី០៩ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ (ស្រី៥នាក់) និងដកហូតរថយន្ត០១គ្រឿងម៉ាកតូយូតា១២កៅអីពណ៌ស០១គ្រឿង។ ទីតាំងទី០៣ ស្ថិតនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ឃាត់ខ្លួនជនជាតិវៀតណាម៧នាក់ (ស្រី៤នាក់ទាំងរងគ្រោះម្នាក់)។ របាយការណ៍សមត្ថកិច្ចដដែល បានបង្ហាញថា តាមការសន្និដ្ឋានដំបូង ជាករណីចាប់ជំរិត ដោយសារមានស្ត្រីម្នាក់មានរបួសស្នាមដោយការធ្វើទារុណកម្ម។ ប៉ុន្ដែទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីការបង្ក្រាបករណីបង្ខាំងមនុស្សដោយធ្វើទារុណកម្មខាងលើនេះ ដែលដើមចមនេះផ្តើមចេញដោយសារអ្វី ហើយចេញមកពីណាប្រាកដ។ បច្ចុប្បន្នមនុស្ស២៤នាក់ខាងលើជាចំណាត់ការរបស់នគរបាលសួរនាំអនុវត្តតាមនិតិវិធី៕






